ខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់៦៦ យាងចូល៦៧ព្រះវស្សា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះរាជពិធី បានធ្វើនៅក្នុងសាលាខេត្តកំពង់ឆ្នាំង ក្រោមវត្តមាន អភិបាលខេត្តកំពង់ឆ្នាំង លោកឈួរ ចន្ទ័ឌឿន ដោយមានការចូលរួមពី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋនិងពលរដ្ឋ ខ្មែរឥស្លាម ក្នុងខេត្តកំពង់ឆ្នាំង យ៉ាងច្រើនកុះករផងដែរ។

អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានអានសារថ្វាយព្រះពរ ថាៈ ក្នុងឱកាសថ្ងៃចំរើនព្រះជន្ម របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះជន្មគម្រប់៦៦ យាងចូល៦៧ព្រះវស្សា ទូលព្រះបង្គំខ្ញុំក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ឆ្នាំង មានសេចក្តីសោមនស្សរីករាយជាទីបំផុត ក្នុងឱកាសដ៏សែននក្ខត្តឫក្ស និងថ្លៃថ្លាបំផុត។

ក្នុងពិធីដ៏ឧត្តុងឧត្តមនិងមហាថ្លៃថ្លានេះ ទូលព្រះបង្គំខ្ញុំទាំងអស់គ្នា សូមធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរ បវរ មហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថាទាំងទ្វេ បួងសួងគុណបុណ្យព្រះរតនត្រ័យ គុណ កែវបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះបរមកោដ្ឋ សូមជួយប្រោសប្រសិទ្ធពរ និងបីបាច់រក្សា និងអភិបាលរក្សា ព្រះអង្គជាទីគោរពនិងសក្ការៈ សូមព្រះអង្គ មានព្រះរាជព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ  និងទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ក្នុងព្រះនាម ព្រះមហាក្សត្រជាតិខ្មែរជានិច្ចនិរន្តរ៍តទៅ។ 
នៅក្នុងកម្មវិធីនេះផងដែរ ថ្នាក់ដឹកនាំបានថ្វាយកន្រ្តក ផ្កា ថ្វាយ ព្រះមហាក្សត្រ និងបានរាប់បាតប្រគេនព្រះសង្ឃនិងជូនថវិកាដល់យាយជីតាជីទាំងអស់ដែលបានចូលរួមផងដែរ៕ធ.ដ

SoKharin yem

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner