ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំ ស្តីពី ការប្រើប្រាស់ថ្នាល go.gov.kh ដើម្បីគ្រប់គ្រង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលមានលើបណ្តាញសង្គម
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការប្រើប្រាស់ថ្នាល go.gov.kh ដើម្បីគ្រប់គ្រង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលមានលើបណ្តាញសង្គម ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន និងមន្ត្រីជំនាញទទួលបន្ទុកគ្រប់គ្រងបណ្តាញសង្គម សរុបប្រមាណ ៧០រូប ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ថ្នាល go.gov.kh នឹងជួយសម្រួលដល់ក្រសួង ស្ថាប័ន និងសាធារណជន ក្នុងការផ្ទៀងផ្ទាត់ប្រភពផ្លូវការ ជៀសវាងការក្លែងបន្លំ ការបោកបញ្ឆោត និងការផ្សព្វផ្សាយព័ត៌មានដែលចេញពីប្រភពក្លែងក្លាយ។ បន្ថែមលើនេះ ថ្នាល go.gov.kh នឹងជួយការពារពីការវាយប្រហារនានាតាមរយៈតំណភ្ជាប់ (Link/URL)ដែលផ្សព្វផ្សាយលើបណ្តាញសង្គមនានា ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ go.gov.kh ជាថ្នាលផ្តល់ព័ត៌មានដែលមានប្រភពត្រឹមត្រូវនិងច្បាស់លាស់ប្រកបដោយទំនុកចិត្ត (Trusted Source) សម្រាប់ផ្ទុកឯកសារសាធារណៈផ្លូវការរបស់ក្រសួង ស្ថាប័ន ដែលអាចប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬឯកសារជាសាធារណៈ ដែលអាចទប់ស្កាត់ព័ត៌មានឬឯកសារក្លែងក្លាយ ឬតំណភ្ជាប់ឆបោក (Phishing) ។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការនេះ ត្រូវបានត្រួតពិនិត្យអនុលោមភាពបច្ចេកទេស និងវិធានសន្តិសុខសាយប័រយ៉ាងតឹងរ៉ឹង មុននឹងរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ជា ថ្នាលនិងកម្មវិធីឌីជីថលរបស់រាជរដ្ឋាភិបាល និងដាក់ឱ្យប្រើប្រាស់ ហើយ ក.ប.ទ. ក៏បានចាត់ក្រុមការងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព គុណភាព និរន្តរភាព និងជំនឿទុកចិត្តខ្ពស់ ព្រមទាំងអាចចៀសវាងបានពីការវាយប្រហារសន្តិសុខសាយប័រណាមួយកើតឡើងជាយថាហេតុ៕
ដោយ ៖ ង៉ាន់ ទិត្យ








