លោក Tump ទម្លាក់ទណ្ឌកម្មថ្មីខ្នាតធំប្រឆាំងអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ រដ្ឋបាលលោកប្រធានាធិបតី Donald Tump តាមរយៈក្រសួងរតនាគារអាមេរិករបស់ខ្លួន នៅថ្ងៃទី៣០ ខែកក្កដា បានប្រកាសទម្លាក់កញ្ចប់ទណ្ឌកម្មថ្មីទ្រង់ទ្រាយធំ ទៅលើបុគ្គល អង្គភាព និងនាវាជាង ១១៥ ដែលមានជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់ ដែលនេះជាសញ្ញាមួយបង្ហាញថា រដ្ឋបាលលោកប្រធានាធិបតី Donald Trump កំពុងបង្កើនយុទ្ធនាការ “សម្ពាធអតិបរមា” របស់ខ្លួន ក្រោយទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់កាលពីខែមិថុនា។
កាសែតរ៉យទ័របានឱ្យដឹងថា ទណ្ឌកម្មខ្នាតធំនេះ នឹងផ្តោតលើផលប្រយោជន៍ដឹកជញ្ជូនរបស់លោក Mohammad Hossein Shamkhani កូនប្រុសរបស់លោក Ali Shamkhani ដែលជាទីប្រឹក្សាផ្ទាល់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។ ក្រសួងរតនាគារអាមេរិក បាននិយាយថា នេះជាសកម្មភាពដាក់ទណ្ឌកម្មដ៏សំខាន់បំផុត ទាក់ទងនឹងអ៊ីរ៉ង់ចាប់តាំងពីឆ្នាំ២០១៨ ក្នុងអំឡុងរដ្ឋបាលដំបូងរបស់លោកប្រធានាធិបតី Trump មក។
ក្រសួងរតនាគារអាមេរិកបានបញ្ជាក់ថា លោក Shamkhani បានគ្រប់គ្រងបណ្តាញដ៏ធំនៃកប៉ាល់ដឹកទូរកុងតឺន័រ និងនាវាដឹកប្រេង តាមរយៈបណ្តាញអន្តរការីដ៏ស្មុគស្មាញ ដែលលក់ប្រេងអ៊ីរ៉ង់ និងរុស្ស៊ី ព្រមទាំងទំនិញផ្សេងទៀតនៅទូទាំងពិភពលោក។ ក្រសួងរតនាគារអាមេរិកថែមទាំងបានចោទប្រកាន់លោក Shamkhani ថា បានប្រើប្រាស់ទំនាក់ទំនងផ្ទាល់ខ្លួន និងអំពើពុករលួយនៅទីក្រុងតេហេរ៉ង់ ដើម្បីបង្កើតប្រាក់ចំណេញរាប់សិបពាន់លានដុល្លារ ដែលភាគច្រើនត្រូវប្រើប្រាស់គាំទ្ររបបដឹកនាំអ៊ីរ៉ង់។
សរុបមក ទណ្ឌកម្មថ្មីទ្រង់ទ្រាយធំនេះ មានគោលដៅលើក្រុមហ៊ុនដឹកជញ្ជូនចំនួន១៥, នាវា ៥២គ្រឿង, បុគ្គល ១២នាក់, និងអង្គភាព ៥៣ស្ថាប័ន ដែលពាក់ព័ន្ធនឹងការគេចវេសទណ្ឌកម្មនៅប្រទេសចំនួន១៧ ចាប់ពីប៉ាណាម៉ា រហូតដល់អ៊ីតាលី។ មន្ត្រីអាមេរិកម្នាក់និយាយថា ទណ្ឌកម្មថ្មីនេះទៀតសោត នឹងធ្វើឱ្យអ៊ីរ៉ង់កាន់តែពិបាក ក្នុងការលក់ប្រេងរបស់ខ្លួន ប៉ុន្តែបន្ថែមថា រដ្ឋបាលអាមេរិកមិនរំពឹងថា នឹងមានការរំខានជានិរន្តរភាពចំពោះទីផ្សារប្រេងពិភពលោកនោះទេ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានហៅការដាក់ទណ្ឌកម្មនេះថា ជាឧទាហរណ៍ច្បាស់លាស់នៃអរិភាពរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ នេះបើយោងតាមបណ្តាញព័ត៌មាននិស្សិតអ៊ីរ៉ង់។ រីឯអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ក៏បានអះអាងដែរថា ការដាក់ទណ្ឌកម្មប្រេងនេះ តំណាងឱ្យអំពើអាក្រក់ដែលមានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ និងសុខុមាលភាពរបស់ប្រជាជនអ៊ីរ៉ង់។
បើតាមប្រភពពីមន្រ្តីអ៊ីរ៉ង់បានឱ្យដឹងថា ការនាំចេញប្រេងរបស់អ៊ីរ៉ង់បានធ្លាក់ចុះមកនៅត្រឹមប្រហែល ១.២លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺធ្លាក់ចុះពី ១.៨លានបារ៉ែលក្នុងមួយថ្ងៃកាលពីដើមឆ្នាំ បន្ទាប់ពីរដ្ឋបាលលោក Trump បានដាក់ទណ្ឌកម្មតូចៗជាច្រើន ដែលផ្តោតលើអាជីវកម្មប្រេងរបស់អ៊ីរ៉ង់។ ក្នុងនោះចិនជាអ្នកទិញប្រេងកំពូលរបស់អ៊ីរ៉ង់៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា