លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះសួរសុខទុក្ខកងទ័ព និង ជនភៀសសឹកនៅខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខ​ទុក្ខកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែក​គូលែនចំនួន ១០៥នាក់ និងប្រជាជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥ពាន់ដើម ក្នុងខេត្តព្រះវិហារ។

ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានបានពាំនាំនូវ​ការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងៗកងទ័ពដែលកំពុងសម្រាកព្យាបាល​របួស​ចំនួន ១០៥នាក់ ដោយសារជម្លោះព្រំដែនរវាង កម្ពុជា-ថៃ កាលពីទី ២៤-២៨ ខែកក្កដា។ ខណៈនោះដែរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូម​ជូនពរ​ឱ្យបងៗកងទ័ព ដែលរងរបួសទាំងអស់ឆាប់ជា សះស្បើយ និងកោតសរសើរ​ដល់វីរៈកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តខ្ពស់ ចំពោះការ ការពារ​បូរណៈ​ភាពទឹក ដីប្រកបដោយភាពអង់អាចក្លាហាន តស៊ូនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដោយវាយដណ្តើមយកទឹកដីពីជនឈ្លានពាន សៀម។ ជាមួយនិងការ​ចុះសួរសុខទុក្ខនេះដែរ លោកជំទាវបណ្ឌិត បាននាំយកនូវអំណោយមនុស្សធម៌ ជាស្បៀងអាហារ របស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកាមួយចំនួនរបស់ សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ជូនបងៗកងព័ទ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក​គូលែននេះផងដែរ។

បន្ទាប់ពីសួរសុខទុក្ខបងៗកងទ័ព ដែលកំពុងសម្រាក់ព្យាបាលរបួស នៅមន្ទីរពេទ្យ​បង្អែក​គូលែនរួច លោកជំទាវបណ្ឌិត បានដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខ​ដល់​ប្រជាជនភៀសសឹក នៅក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥ពាន់ដើមផងដែរ ដែល ជាកន្លែងប្រមូលផ្តុំដ៏ធំមួយ របស់ប្រជាជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ។

ខណៈនោះដែរ លោកជំទាវបណ្ឌិត បានជួបជា មួយនឹងក្រុមកងទ័ពអាវស TYDA ដែលកំពុងបំពេញបេសកកម្មមនុស្សធម៌ ក្នុងបុព្វហេតុជាតិ និងប្រជាជននៅទីនោះ ដោយ លោកជំទាវបានលើកទឹកចិត្តដល់កងទ័ពអាវស ទោះស្ថិតក្នុងកាលៈទេសៈ​ដ៏គ្រោះថ្នាក់ និងតានតឹងបែបណា ក៏សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ TYDA ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុត និងដោយផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្ត ដែលជាកងទ័ពអាវស TYDA ឱ្យចុះពិនិត្យ និងព្យាបាលជំងឺ យ៉ាងយកចិត្តទុក​ដាក់ជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹកជាច្រើននាក់ ដែលកំពុងមានតម្រូវ​ការថ្នាំសង្កូវ និងសេវាថែទាំសុខភាព ដោយខានមិនបាន ស្ថិតក្នុងដែនដី ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា គិលានដ្ឋាន TYDA បាននិងកំពុងផ្តល់ការពិនិត្យ និងព្យាបាលជំងឺ​ជូនវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹក មានដូចជាការពិនិត្យ និងពិគ្រោះបញ្ហា​សុខភាព​ទូទៅ-ការពិនិត្យ និងព្យាបាលជំងឺទូទៅ-ការសង្គ្រោះបន្ទាន់-ការលាង​របួស-ការផ្តល់ជូនឱសថព្យាបាលជំងឺ-ការពិនិត្យ និងបង្ការការពារជំងឺរាតត្បាត គ្រុនឈាម តេតាណូសជាដើម។

គួររំលឹកថា ក្រៅពីការចុះសួរសុខទុក្ខដល់វីរៈកងទ័ព និងជនភៀសសឹក កាលថ្ងៃទី​២៥ ខែកក្កដា កន្លងទៅ លោកជំទាវបណ្ឌិត ក៏បានរៀបចំឱ្យមានយុទ្ធនាការ​បរិច្ចាគ​ឈាម ដើម្បីបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិ។ កម្មវិធីបរិច្ចាគ​ឈាមនេះ គឺជាការអំពាវនាវដោយផ្ទាល់ពីសំណាក់ ស្ត្រីទីមួយនៃកម្ពុជា និងជាអនុប្រធានក្រុម​ប្រឹក្សា​ភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដ យុវជនសម្ដេចតេជោ (TYDA) ដើម្បី​បង្ហាញការគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារអធិបតេយ្យភាព និង​បូរណភាពទឹកដី៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner