អាមេរិកជំរុញពលរដ្ឋកុំឲ្យទៅលេងថៃ
បរទេស ៖ សហរដ្ឋអាមេរិក បានបង្កើនការជំរុញ ដល់ប្រជាពលរដ្ឋ របស់ខ្លួន កុំឲ្យទៅប្រទេសថៃ ដោយព្រមានពីសកម្មភាពបះបោរ នៅទីនោះ នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Yahoo កាលពីពេលថ្មីៗនេះ។
ប្រភពបានចុះផ្សាយពី «សេចក្តីព្រមានថ្មី ជុំវិញការធ្វើដំណើរទៅថៃ» របស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបង្កើនការប្រុងប្រយ័ត្ន ពីកម្រិត១ ទៅដល់ កម្រិត២ ដោយសារតែ ភាពវឹកវរ ទាក់ទងនឹងក្រុមទ័ពព្រៃ នៅក្នុងខេត្ត Yala, Pattani និង ខេត្ត Narathiwat។ អាមេរិក ក៏បានណែនាំផងដែរថា អ្នកណាក៏ដោយ ដែលសម្រេចចិត្ត ធ្វើដំណើរ ទៅប្រទេសថៃ គួរតែមានផែនការ ជម្លៀសចេញ។
គេហទំព័រ របស់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីងតោន ក៏បានព្រមានផងដែរថា ការប៉ះទង្គិចហិង្សា រវាងកងកម្លាំងសន្តិសុខថៃ និង ក្រុមបះបោរ ប្រដាប់អាវុធ កំពុងកើនឡើងខ្លាំង នៅក្នុងស្រុក ចំនួន១៧ នៃខេត្តដាច់ស្រយាល ទាំងបីនេះ ដែលនៅតែស្ថិតក្រោម ការប្រកាសនៃភាពអាសន្ន ដោយសារតែជម្លោះ បន្តកើតមាន ហើយ ការណ៍នេះ ធ្វើឲ្យមានហានិភ័យ ដល់សុវត្ថិភាព ប្រជាពលរដ្ឋអាមេរិក។
រដ្ឋាភិបាល អះអាងថា លទ្ធភាពផ្តល់សេវាសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋអាមេរិក នៅក្នុងខេត្តទាំងនេះ នៅមានកម្រិត ដោយសារតែ មន្ត្រីរដ្ឋាភិបាល ត្រូវតែ ទទួលបានការអនុញ្ញាតពិសេស ជាមុនសិន ទើបអាចធ្វើដំណើរ ទៅកាន់ខេត្តទាំងនេះបាន ដែលមានន័យថា ការអន្តរាគមន៍ អាចយឺតពេល។
គួរបញ្ជាក់ថា តាំងពីឆ្នាំ២០០៤មក ជម្លោះដ៏រ៉ាំរ៉ៃរបស់ថៃ ជាមួយក្រុមបះបោរ ចង់ផ្តាច់ខ្លួន ជាប់ព្រំដែនប្រទេសម៉ាឡេស៊ី បានឆក់យកជីវិតមនុស្ស ជាង៧,០០០នាក់ហើយ៕
ប្រភពពី Yahoo ប្រែសម្រួល៖ សារ៉ាត


