សម្តេចធិបតី ហ៊ុន ម៉ាណែត៖សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម១៩%
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
សម្តេចធិបតី សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។
សម្តេចធិបតីបន្តថា នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឱ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា ឱ្យនៅត្រឹមអត្រាទាបណាមួយដែលជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថា នឹងធ្វើឱ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។
ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម១៩%។ សម្តេចសុំយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ៕
ដោយ៖ពលជ័យ