កម្ពុជា ស្នើម៉ាឡេស៊ី អាម៉េរិក និងចិន ចូលរួមកិច្ចប្រជុំ GBC ក្នុងនាមជាអ្នកសង្កេតការណ៍
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានធ្វើការឆ្លើយតបទៅនឹងលិខិតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៥ ទាក់ទងនឹងសំណូមពរក្នុងការ រៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ General Border Committee (GBC) នៅក្នុងទីតាំងអព្យាក្រឹត ដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងកំឡុងថ្ងៃទី៤ ដល់ទី៧ ខែសីហា ឆ្នាំ២០២៥ ដោយបានសម្តែងសេចក្តីសោមនស្សរីករាយក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំតាមសំណូមពរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបន្តទន្ទឹមនឹងនេះ ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ជាតួអង្គសំខាន់ក្នុងការសម្របសម្រួល ឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រារៃយ៉ា ប្រទេសម៉ាឡេស៊ី ដូច្នេះសូមស្នើឱ្យមានតំណាងមកពីប្រទេសទាំងបីខាងលើ ចូលរួមជាអ្នកសង្កេតការណ៍ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅនេះ។
ឆ្លៀតក្នុងឱកាសនេះ ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសម៉ាឡេស៊ី ដែលដើរតួនាទីជាប្រធាន ប្តូរវេនអាស៊ាន និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ព្រមទាំងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានដើរតួនាទីដ៏សំខាន់នេះ។ ខ្ញុំទន្ទឹងរង់ចាំឱកាសជួបជាមួយឯកឧត្តម និងចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយមិត្តភាព និងសហការ សំដៅសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី៕
ដោយ៖ពលជ័យ

