សារព័ត៌មាន Reuters ៖ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា អត្រាពន្ធរបស់អាមេរិក ១៩% អាចជួយទប់ស្កាត់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជាដួលរលំ
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់កាសែតរ៉យទ័រ នៅថ្ងៃទី១ ខែសីហានេះថា អត្រាពន្ធ ១៩ភាគរយលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក បានជួយជៀសវាងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដ៏សំខាន់របស់កម្ពុជាដួលរលំ ហើយថែមទាំងអនុញ្ញាតឱ្យកម្ពុជាអាចរក្សាការប្រកួតប្រជែងជាមួយដៃគូរបស់ខ្លួនផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាអ្នកចរចាពាណិជ្ជកម្មកំពូលរបស់កម្ពុជា បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានផ្តល់ការយោគយល់ក្នុងការចរចាជាមួយកម្ពុជា ដើម្បីកាត់បន្ថយអត្រាពន្ធគយ ដែលកាលពីដំបូងត្រូវបានកំណត់ចំនួន ៤៩ភាគរយ ក្រោយមកធ្លាក់មកត្រឹម ៣៦ភាគរយ ដែលនេះជាការយកពន្ធខ្ពស់បំផុតរបស់ពិភពលោក ហើយចុងក្រោយនេះនៅសល់ត្រឹម ១៩ភាគរយ ក្រោយរូបលោកលូកដៃចូលអន្តរាគមន៍ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍នៅក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយកាសែតរ៉យទ័រថា បើសិនអាមេរិករក្សាអត្រាពន្ធគយ ៤៩ភាគរយ ឬ ៣៦ភាគរយនោះ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងដួលរលំនេះបើតាមគំនិតរបស់ឯកឧត្តមផ្ទាល់ ខណៈដែលវិស័យនេះជាកត្តាជំរុញខឿនសេដ្ឋកិច្ចដ៏ធំមួយនៅក្នុងប្រទេសដែលមានប្រជាជន ១៧.៦លាននាក់។
ឯកឧត្តមបន្ថែមថា យើងមានកម្មករជិតមួយលាននាក់ ភាគច្រើនជាស្ត្រី ហើយកម្មករទាំងនោះ ប្រឹងប្រែងធ្វើការដើម្បីចិញ្ចឹមសមាជិកគ្រួសាររបស់ពួកគេ ពី ៤ ទៅ ៥នាក់។ ហើយបើសិនអត្រាពន្ធគយអាមេរិកមិនចុះទេ នោះវានឹងមានផលប៉ះពាល់យ៉ាងខ្លាំ។ ដូច្នេះកម្ពុជាដឹងគុណខ្លាំងណាស់សម្រាប់ការការពារឧស្សាហកម្មរបស់កម្ពុជា និងបុគ្គលិករបស់កម្ពុជា។ កម្ពុជាមានអតិរេកពាណិជ្ជកម្មដ៏ធំមួយជាមួយសហរដ្ឋអាមេរិក ដោយការនាំចេញទៅកាន់ទីផ្សារអាមេរិកមានចំនួន ៣៧,៩ភាគរយនៃការនាំចេញសរុបក្នុងឆ្នាំ២០២៤ ដែលមានតម្លៃជិត ១០ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យផ្លូវការ។
ភាគច្រើននៃការនាំចេញនោះ គឺជាវាយនភណ្ឌ និងស្បែកជើង ដែលជាវិស័យសំខាន់មួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលត្រូវបានព្យាករដោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ថា នឹងឈានដល់ទឹកប្រាក់ ៤៩.៨ពាន់លានដុល្លារនៅឆ្នាំ២០២៥នេះ ដែលជំរុញដោយការផលិតទំនិញសម្រាប់ម៉ាកផលិតផលល្បីៗមួយចំនួន រួមមាន Adidas, H&M, Ralph Lauren និង Lacoste ជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានឱ្យដឹងដែរថា កម្ពុជាបានយល់ព្រមលើកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះ Boeing 737 MAX ចំនួន ៨គ្រឿង សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ហើយពិចារណាលើជម្រើសទិញរហូតដល់ ១០គ្រឿង៕






ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា