លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខកងទ័ព កំពុងសម្រាកព្យាបាលរបួស នៅខេត្តព្រះវិហារ

(ព្រះវិហារ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខកងទ័ព ដែលកំពុងសម្រាកព្យាបាលរងបួស ដោយសារការប៉ះទង្គិចគ្នារវាងកងទ័ព កម្ពុជា-ថៃ កាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ចំនួន ១០១នាក់ នាមន្ទីរពេទ្យបង្អែក ១៦មក ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ។

ក្នុងឱកាសអញ្ជើញសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួសទាំង ១០១នាក់ ដោយ មានអ្នកខ្លះរងរបួស ដោយសារគ្រាប់ អ្នកខ្លះដោយសារ សារធាតុផ្សេងពុល របស់កងទ័ពថៃ ក្នុងអំឡុងពេលនៃការផ្ទុះអាវុធប៉ះទង្គិចគ្នា កាលពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។

ខណៈនៃការអញ្ជើញសួរសុខទុក្ខនោះដែរ លោកជំទាវបណ្ឌិត បានបង្ហាញនូវទឹកមុខក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ចំពោះឧបទេវហេតុកើតឡើងនាពេលកន្លងមកនេះ ដែលបានធ្វើឱ្យកងកម្ពុជាពលីជីវិត និងរងរបួស ឯប្រជាជនមួយចំនួនធំនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវជម្លៀសចេញ រកទី តាំងដែលមានសុវត្ថិភាព ចាកឆ្ងាយពីភូមិឋាន ផ្ទះសម្បែង និងក្រុមគ្រួសារជាទីស្រឡាញ់។ ជាមួយគ្នានេះលោកជំទាវ សូមជូនពរដល់បងៗវីរៈកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួសទាំងអស់ ឆាប់ជាសះស្បើយពីរបួស និងសូមកោតសរសើរដោយស្មោះអស់ពីដួងចិត្តដល់វីរៈកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្តខ្ពស់ ចំពោះកិច្ចការការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន តស៊ូប្រយុទ្ធដណ្តើមយកជ័យជំនះរវាងទ័ព កម្ពុជា-ថៃ។

ជាមួយនឹងការចុះសួរសុខទុក្ខនេះដែរ លោកជំទាវបណ្ឌិត និងក្រុមការងារ បាននាំយកនូវអំណោយមនុស្សធម៌ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចគតិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ជូនដល់បងៗកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅទីនោះផងដែរ រួមមានជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ និងថវិកាមួយចំនួន ដែលជាការរួមចំណែកលើកទឹកចិត្ត និងគិតគូរដល់វីរៈកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដីនៃយើង។

គួររំលឹកថា ក្រៅពីការចុះសួរសុខទុក្ខដល់វីរៈកងទ័ព និងជនភៀសសឹក កាលថ្ងៃទី២៥ ខែកក្កដា កន្លងទៅ លោកជំទាវបណ្ឌិត ក៏បានរៀបចំឱ្យមានយុទ្ធនាការបរិច្ចាគឈាម ដើម្បីបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិ។ កម្មវិធីបរិច្ចាគឈាមនេះ គឺជាការអំពាវនាវដោយផ្ទាល់ពីសំណាក់ ស្ត្រីទីមួយនៃកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដ យុវជនសម្ដេចតេជោ (TYDA) ដើម្បីបង្ហាញការគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner