ប្រធានកម្មវិធីសវនកម្ម មកពីការិយាល័យកណ្តាល Gavi កោតសសើរ កម្ពុជាដែលជាប្រទេសគំរូ
(ភ្នំពេញ)៖ លោកស្រី Charity Tusiime Head Program Audit Anglophone ប្រធានកម្មវិធីសវនកម្ម មកពីការិយាល័យកណ្តាល Gavi បានលើកពីកម្ពុជាដែលជាប្រទេសគំរូលើការអនុវត្តន៏បានល្អប្រសើរដោយបានចូលរួមជាមួយ Gavi លើតម្លាភាព និងគណនេយ្យភាព កំឡុងសវនកម្មនេះ ដែលគ្របដណ្តប់ដោយគម្រោង ពីឆ្នាំ២០២០និងបាន ដល់ ឆ្នាំ២០២៤ នៅរាជធានី-ខេត្ត មួយចំនួន។
ប្រធានកម្មវិធីសវនកម្ម មកពីការិយាល័យកណ្តាល Gavi ថ្លែងកោតសសើរបែបនេះ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ខណៈចូជួបពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងគោលបំណង ដើម្បីរាយការណ៍ពីលទ្ធផលរបស់ សវនកម្ម គម្រោងដែលទទួលបានជំនួយពីអង្គការ។
លោកស្រីប្រធានកម្មវិធី បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងក្រុមការងារសុខាភិបាលកម្ពុជា ដោយបានជម្រាបជូនអំពី កិច្ចការសវនកម្មគម្រោងរាល់ ៥ ឆ្នាំម្តង សម្រាប់ប្រទេសដែលបានទទួលជំនួយពី Gavi។
ជាលទ្ធផល នៃសវនកម្ម បង្ហាញថា កម្ពុជាបានផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រិល បានល្អ និងការគ្រប់គ្រងវ៉ាក់សាំងបានល្អផងដែរ ។
ទន្ទឹមនឹងនេះ ក៏នៅមានកិច្ចការមួយចំនួន
ដែលអាចត្រូវខិតខំបន្ថែមទៀតដូចជា កសាងធនធានមនុស្សបន្ថែម ការកែសម្រួលយុទ្ធសាស្ត្រជាតិចាក់ថ្នាំបង្ការឱ្យស្របតាមផែនការយុទ្ធសាស្ត្រសាកលរបស់ Gavi 6.0 (2026-30) ជាដើម ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការ Gavi អំពីរបាយការណ៍លទ្ធផល នៃសវនកម្មដែលមានទាំងលទ្ធផលល្អៗជាច្រើនដែលសុខាភិបាលសម្រេចបានល្អច្រើនឆ្នាំមកនេះ និងរួមទាំងចំណុចដែលត្រូវខិតខំបន្ថែមទៀត។ របកគំហើញទាំងនេះ គឺជាធាតុចូលយ៉ាងសំខាន់ សម្រាប់ពង្រឹងកម្មវិធីជាតិចាក់ថ្នាំបង្ការ និងរៀបចំកែសម្រួលយុទ្ធសាស្ត្រជាតិចាក់ថ្នាំបង្ការឱ្យស្របតាមផែនការយុទ្ធសាស្ត្រសាកលរបស់ Gavi 6.0 (2026-30) នាពេលខាងមុខនេះ ៕
ដោយ ៖ ហេង សម្បត្តិ









