២២អង្គទូត និង៤អង្គការអន្តរជាតិចុះមើលស្ថានភាពផ្ទះប្រជាពលរដ្ឋ សាលារៀននិងវត្តអារាមដែលរងគ្រោះដោយការវាយប្រហារដោយកងទ័ពសៀម
ឧត្តរមានជ័យ៖អង្គទូតដែលមានសរុបចំនួន ២២ និងអង្គការអន្តរជាតិចំនួន៤ផ្សេងទៀតបានចុះពិនិត្យមើលអំពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារការវាយប្រហារផ្លូវអាកាសក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ ចាប់ពីថ្ងៃទី ២៤ដល់យប់ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥។
ដំណើរដឹកនាំអ្នកអង្គទូត និងអង្គការអន្តរជាតិនេះធ្វើឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលក្នុងនេះគេឃើញមានការចូលរួមត្រួតពិនិត្យមើលនៅ ផ្ទះប្រជាពលរដ្ឋខ្មែរនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តបន្ទាយមានជ័យ ដែលទទួលរងការវាយប្រហារដោយកងទ័ពថៃនៅមុនមានកិច្ចព្រមព្រៀងឈប់បាញ់។ ក្រៅពីនេះក៏មានវត្ត ប្រាសាទតាមាន់សែនជ័យ ស្ថិតនៅ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ត ឧត្តរមានជ័យដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការវាយប្រហារដោយយន្តហោះថៃ ,សាលារៀនបឋមសិក្សា ប្រសាទតាមន្តសែនជ័យដែលទទួលរងការវាយប្រហារដោយយន្តហោះថៃធ្វើឱ្យសាលារៀនមួយខ្នងខូចខាតខ្ទេចខ្ទាំ និងបានចុះត្រួតពិនិត្យជនភៀសសឹកនៅ វត្ត រតន ឧត្តម មុនីគិរីសែនជ័យ ហៅវត្តកំបោ ស្ថិតនៅភូមិដូនកែន សង្កាត់សំរោង ស្រុកសំរោង ខេត្ត ឧត្តរមានជ័យ។
អភិបាលរងស្រុកសំរោង លោក ចន ផល្លីន បានឱ្យដឹងថាជនភៀសសឹកគិតចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥នេះមានសរុប ៣៩០៥ គ្រួសារ។ក្នុងចំណោមនេះពុំទាន់មានគ្រួសារច្រើនទេវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសារស្ថានភាពមិនទាន់ល្អប្រសើរនៅឡើយ៕ដោយ៖ម៉ាដេប៉ូ










