អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវឱ្យភាគីថៃបញ្ជូនកងកម្លាំងកម្ពុជា១៨រូបទៀតមកកម្ពុជាវិញឱ្យបានឆាប់រហ័ស តាមការគោរពច្បាប់មនុស្សធម៌អន្តរជាតិ

ភ្នំពេញ ៖ លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលវេលាម៉ោង​៤ ថ្ងៃទី០១ សីហា ២០២៥ បានបន្តអំពាវនាវដល់ភាគីថៃបញ្ជូនកងកម្លាំងកម្ពុជាចំនួន១៨រូបទៀត ដែលទាហានថៃបានចាប់កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ក្រោយបទឈប់បាញ់ចូលជាធរមាន ។

លោកជំទាវបានមានប្រសាសន៍ថាក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នៅតែបន្តអំពាវនាវម្ដងហើយម្ដងទៀត សូមឱ្យភាគីថៃបញ្ជូនកងកម្លាំងកម្ពុជា១៨រូបផ្សេងទៀត ប្រគល់មកកម្ពុជាវិញឱ្យបានឆាប់រហ័ស ដែលជាការគោរពទៅតាមគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិ ។ ជាមួយគ្នានេះ កម្ពុជា​ក៏នឹងបន្តចរចាឱ្យអស់លទ្ធភាព ដើម្បីយកបងប្អូនកងកម្លាំងរបស់យើង ត្រលប់មកវិញឱ្យបានឆាប់ជាមួយនឹងសុវត្ថិភាព របស់ពួកគាត់ ។

លោកជំទាវបន្ថែមថា កម្ពុជាក៏សូមទាមទារដល់អ្នកសារព័ត៌មាន និងបណ្ដាញសង្គមថៃ បញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត លាបពណ៌បំផុសបំផុល ដែលធ្វើឱ្យស្ថានភាពកាន់តែតានតឹងឡើង ដែលមិនឆ្លុះបញ្ចាំងនូវឆន្ទៈនៃប្រទេសទាំងពីរដែលកំពុងធ្វើការដោះស្រាយដោយសន្តិវិធី ដើម្បីនាំមកនូវសុខសន្តិភាព ជូនប្រជាជនទាំងសងខាង ។

លោកជំទាវក៏បានអរគុណផងដែរ ដល់ភាគីថៃ ដែលបានបញ្ជូនកងកម្លាំង២រូបមកកម្ពុជាវិញនៅព្រឹកម៉ោង១១ថ្ងៃទី០១ សីហា ២០២៥នេះ ហើយកងកម្លាំងទាំងពីរក៏កំពុងត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត ៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner