ឯកឧត្តម ឃួង ស្រេង ៖ ការបណ្តុះបណ្តាលធនធានមនុស្សពិតជាគ្មានទេបើប្រទេសជាតិមានសង្គ្រាម
(ភ្នំពេញ)៖ ឱកាសនៃការបណ្តុះបណ្តាលធនធានមនុស្សនឹងគ្មានទេបើប្រទេសជាតិមានសង្គ្រាម ។ដូច្នេះសន្តិភាពមានអត្ថន័យដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន និងរកបានយ៉ាងលំបាកដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាស្ថាបនិកសន្តិភាពសម្រាប់កម្ពុជា និងបន្តមកសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងការដឹកនាំកម្ពុជាអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសការពង្រឹងខឿនការ ពារជាតិបូរណៈភាពទឹកដីពីសត្រូវឈ្លានពាន។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងដូចនេះ នាព្រឹកថ្ងៃទី១សីហា២០២៥នេះ នៅចំពោះមុខ ក្រុមនិស្សិតនៃមហាវិទ្យល័យនិតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រមាណ២០០នាក់ ដឹកនាំដោយព្រឹទ្ធបុរស រុន ពណ្ណរិទ្ធ ដែលបានមកសិក្សាស្វែងយល់ពីការងារនៅរដ្ឋបាលរាជធានីភ្នំពេញដែលជាផ្នែកមួយ នៃការបង្កើនចំណេះដឹងនៃការអនុវត្តជាក់ស្តែងក្រៅសាលា។
ឯកឧត្តមអភិបាលមាប្រសាសន៍ថា ក្មួយៗប្អូនៗបានសិក្សាខ្ពង់ខ្ពស់គឺផ្តើមចេញពីញើសឈាមរបស់យុវជនជំនាន់មុនដែលត្រួសត្រាយផ្លូវ និងលះបង់សព្វបែបយ៉ាងក្នុងនោះក៏មានការពង្រឹងវិស័យអប់រំដែលជាស្នូលនៃការអភិវឌ្ឍន៍។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបន្ថែមថា៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតក្នុងមួយឆ្នាំៗបានបញ្ជូននិស្សិតទៅបន្តការសិក្សានៅបរទេសជាច្រើននាក់ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយ៕ដោយ ៖ ហេង សម្បត្តិ










