ធ្លាក់យន្តហោះចម្បាំង F-35 តម្លៃ ១០០លានដុល្លាររបស់កងទ័ពជើងទឹកអាមេរិក

វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងបំបាំងកាយ F-35 របស់កងទ័ពជើងទឹកអាមេរិក ដែលមួយគ្រឿងមានតម្លៃប្រហែល ១០០លានដុល្លារ បានធ្លាក់នៅកណ្តាលរដ្ឋកាលីហ្វ័រញ៉ា នៅជិតស្ថានីយទ័ពអាកាស Naval Air Station Lemoore នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃទី៣១ ខែកក្កដា។

យោងតាមសេចក្តីថ្លែងការណ៍, ពីឡុតបានរំដោះខ្លួនពីយន្តហោះដោយសុវត្ថិភាព ហើយមូលហេតុនៃការធ្លាក់ដែលបានកើតឡើងនៅម៉ោងប្រហែល ៦និង៣០នាទីល្ងាចថ្ងៃទី៣០ ខែកក្កដា (ម៉ោងក្នុងតំបន់)កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។

វីដេអូរបស់បណ្តាញទូរទស្សន៍ CNN KFSN បានបង្ហាញភ្លើងឆេះ និងផ្សែងខ្មៅហុយខ្មួរខ្មាញ់ ចេញពីទីតាំងធ្លាក់យន្ដហោះ F-35 ក្នុងដីចំការមួយកន្លែងក្បែរស្ថានីយទ័ពអាកាសមានចម្ងាយប្រហែល ៦៤គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Fresno ភាគកណ្តាលរដ្ឋកាលីហ្វ័រញ៉ា។

យន្តហោះដែលធ្លាក់នោះ គឺជាយន្តហោះចម្បាំងបំបាំងកាយ F-35C ដែលជាប្រភេទមួយក្នុងចំណោមបីប្រភេទនៃយន្តហោះ F-35 Lightning II ដែលត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់លើនាវាផ្ទុកយន្តហោះរបស់អាមេរិក ហើយការធ្លាក់យន្ដហោះ F-35 លើកនេះ គឺជាការធ្លាក់លើកទី២នៅក្នុងឆ្នាំ២០២៥នេះ។

យន្ដហោះចម្បាំងបំបាំងកាយ F-35 នេះ ជាយន្ដហោះចម្បាំងជំនាន់ទី៥ និងជាយន្ដហោះចម្បាំងទំនើបបំផុតមួយរបស់ពិភពលោក ហើយវាផលិតដោយក្រុមហ៊ុន Lockheed Martin។ F-35 ត្រូវបានគេសរសើរចំពោះសមត្ថភាពបំបាំងកាយ ការបំពាក់បច្ចេកវិទ្យាទំនើប និងសមត្ថភាពដ៏អស្ចារ្យលើសមរភូមិ ដោយមានប្រទេសជាង១៧លើសកលលោក បានចូលរួមនៅក្នុងគំនិតផ្ដួចផ្ដើមនៃផលិតកម្មយន្តហោះ F-35។

ត្បិតមានសមត្ថភាពដ៏អស្ចារ្យក៏ដោយ យន្តហោះ F-35 នៅតែរងការរិះគន់មិនតិចនោះដែរ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ដែលបានកើតឡើងនាពេលថ្មីៗនេះ ហើយការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុជាក់លាក់ ដែលបណ្តាលឲ្យកើតមានឧបទ្ទវហេតុទាំងនោះ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner