រដ្ឋបាលស្រុកទឹកឈូនាំយកអំណោយប្រគល់ជូនវីរកងទ័ពជួរមុខ
កំពត៖ លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥បានដឹកនាំមន្ត្រីរាជការសាលាស្រុកនាំយកអំណោយមនុស្សធម៌របស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទៅប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ ។ពិធីប្រគល់ និងទទួលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៊ុន សុភ័ក្ត្រ អភិបាលរងខេត្តឧត្តរមានជ័យ នៅបរិវេណសាលាស្រុកចុងកាល់។
អំណោយដែលប្រគល់និងទទួលមាន អង្ករ ៦តោន មី ៥០កេស ត្រីខ២០០យួរ បាក់យ៉ុងសាច់ជ្រូក១០០ កំប៉ុង កូនគីក្រៀម៦៧កញ្ចប់ ត្រីងៀត ៥០គីឡូ គីឆា២៨កំប៉ុង ថ្នាំពេទ្យ២០០កញ្ចប់ តង់ទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រចំនួន៣០តង់, តង់ទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រចំនួន២០០តង់ និងទឹកសុទ្ធ១០យួរ។
ក្នុងឱកាសនោះដែរលោក អ៊ុន សុភ័ក្ត្រ អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណចំពោះស្មារតី និងទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋខេត្តកំពត ពិសេសថ្លែងអំណរគុណដល់រដ្ឋបាលស្រុកទឹកឈូ ដែលបានធ្វើដំណើរពីឆ្ងាយ យកអំណោយមកប្រគល់ជូនវីរកងទ័ពជួរមុខ។ទង្វើដ៏ប្រពៃនេះ បានបង្ហាញឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំ សម្រាប់ជាខឿនការពារជាតិ ក្នុងកាលៈទេសៈដែលប្រទេសជាតិជួបការលំបាក។ ហើយឯកឧត្តមនឹងចាត់ចែង អំណោយទាំងនេះ ជូនទៅដល់ដៃកងទ័ពជួរមុខ ឱ្យបានលឿនបំផុត៕ ដោយ៖សិលាសារិន