កងទ័ពកម្ពុជា ២រូបដែលថៃប្រគល់ឱ្យកំពុងស្ថិតក្រោមការមើលថែព្យាបាលយ៉ាងយកចិត្ដទុកដាក់ទាំងផ្លូវកាយនិងផ្លូវចិត្ដ
(ភ្នំពេញ)៖ កងទ័ពកម្ពុជា ២រូប ដែលថៃ ទើបបានបញ្ជូនមកដល់ប្រទេសកម្ពុជា នាម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី០១ ខែសីហា ឆ្ណាំ២០២៥ ជាមួយនឹងស្ថានភាពរបួសទាំងផ្លូវកាយ និងផ្លូវចិត្ដ ដោយបច្ចុប្បន្ន ពួកគេកំពុងស្ថិតក្រោមការមើលថែ និងព្យាបាលយ៉ាងយកចិត្ដទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ ។ នៅក្នុងនោះ មានការមើលថែព្យាបាលទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ដ ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងសន្និសីទសារព័ត៌មាននាម៉ោង ៤រសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ក្រសួងការពារជាតិ ក៏បានអរគុណភាគីថៃ ដែលបញ្ជូនកងទ័ព ២រូបខាងលើត្រឡប់មកវិញ ប៉ុន្ដែបន្ដអំពាវនាវយ៉ាងទទូចឱ្យភាគីថៃ បញ្ជូនបន្ថែមកងទ័ពកម្ពុជា ១៨រូបផ្សេងទៀត ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ថៃ ដោយគោរពទៅតាមគោលការណ៍ច្បាប់ មនុស្សធម៌អន្ដរជាតិ។ កម្ពុជា ក៏នឹងបន្ដចរចាឱ្យអស់លទ្ធភាព ដើម្បីយកកងទ័ពកម្ពុជា ត្រឡប់មកវិញឱ្យបានឆាប់បំផុត ជាមួយនឹងសុវត្ថិភាពរបស់ពួកគេ ៕
ដោយ ៖ វណ្ណលុក