គណៈប្រតិភូរដ្ឋសភានិងក្រុមការងារចុះមូលដ្ឋានស្រុកព្រះស្តេច អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជន សំរិទ្ធ ព្រី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី
ព្រៃវែង៖គណៈប្រតិភូជាច្រើនក្នុងនោះរួម មាន គណៈប្រតិភូរដ្ឋសភាជាតិ និងគណៈប្រតិភូកំពង់ផែស្វយ័តភ្នំពេញ និងក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រះស្តេច ខេត្តព្រៃវែង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប៧ថ្ងៃ និងគោរពវិញ្ញាណក្ខន្ធសព វីរយុទ្ធជន សំរិទ្ធ ព្រី នៅស្រុកបន្ទាយចក្រី ខេត្តព្រៃវែង ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
ក្នុងឱកាសនេះឯកឧត្ដម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានសម្តែងនូវការរំលែកទុក្ខជាមួយគ្រួសារយុទ្ធជនពលី ដោយចាត់ទុកថា នេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។
ឯកឧត្តម ហ៊ឺ បាវី និងក្រុមការងារក៏បាននាំយកថវិកាបរិច្ចាគ ដែលទទួលបានពីសប្បុរសជនជិត ២៥លានរៀល និង ៤ពាន់ដុល្លារអាមេរិក ប្រគល់ជូនដល់ក្រុមគ្រួសារសពវីរយុទ្ធជន សំរឹទ្ធ ព្រី ផងដែរ ៕
ដោយ៖ វណ្ណលុក




