អង្គការអ្នកប្រជាធិបតេយ្យកណ្ដាលអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសបែលហ្សិក ស្នើសុំឲ្យសហភាពអឺរ៉ុប (EU) ផ្ដល់ភាពយុត្តិធម៌ដល់កម្ពុជា ក្នុងករណីEBA

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អង្គការអ្នកប្រជាធិបតេយ្យ កណ្ដាលអន្តរជាតិ (Centrist Democrats International (IDC-CDI)) ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បានស្នើសុំឲ្យសហភាពអឺរ៉ុប (EU) ផ្តល់ភាពយុត្តិធម៌ដល់កម្ពុជា ក្នុងករណីក្របខណ្ឌ «អ្វីទាំងអស់ក្រោពីសព្វាវុធ (EBA)»។

សេចក្ដីប្រកាសព័ត៌មានបានបន្តថា កម្ពុជាដែលជា ប្រទេសដែលក្រោកពីសង្គ្រាម និងជាប្រទេសអភិវឌ្ឍន៍តិចតួច បានទទួលផលប្រយោជន៍ ពីការអនុគ្រោះពាណិជ្ជកម្ម ដូចជា EBA ជាដើម ក្នុងនោះកម្មករ-កម្មារិនីប្រមាណ ១លាននាក់ ដោយភាគច្រើនជាស្ត្រីមកពីតំបន់ជនបទ បានទទួលនូវការងារក្នុងឧស្សាហកម្មវាយនភណ្ឌ ដែលទទួលបានភាពអនុគ្រោះក្នុងទីផ្សារសហភាពអឺរ៉ុប ដោយមិនមានពន្ធគយ និងមិនមាន កូតា។

អង្គការអ្នកប្រជាធិបតេយ្យ កណ្ដាលអន្តរជាតិ បានកត់សម្គាល់ដោយពេញចិត្ត ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបំពេញលក្ខខណ្ឌ និងការទាមទារបស់ សហភាពអឺរ៉ុប ដែលរួមបញ្ចូលអនុសញ្ញាចំនួន ១៥ ក្រោមក្របខណ្ឌរបស់អង្គការ សហប្រជាជាតិ និងអង្គការពលកម្មពិភពលោកទាក់ទងនឹងការពង្រីកការអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ច សិទ្ធការងារ និងទំហំសេរីភាពនៅកម្ពុជា។

សេចក្ដីថ្លែងការណ៍បានស្នើឲ្យសហភាពអឺរ៉ុប យល់ថាដំណើរការនៃលទ្ធិប្រជាធិបតេយ្យ ជាដំណើរការវែងឆ្ងាយ។ ការកើនឡើងនូវគ្រួសារមានចំណូលកម្រិតមធ្យមនៅកម្ពុជា បានធ្វើវិភាគទានគួរកត់សម្គាល់ដល់ការពង្រឹងដោយពេញលេញ នូវតម្លៃប្រជាធិបតេយ្យ និងការសាងសង់ស្ថាប័នប្រជាធិបតេយ្យ។ EBA បានរួមវិភាគទានគួរឲ្យកត់សម្គាល់ដល់ មូលដ្ឋាន គ្រឹះសេដ្ឋកិច្ចរបស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

អង្គការអ្នកប្រជាធិបតេយ្យ កណ្ដាលអន្តរជាតិ បានស្នើសុំឲ្យសហភាពអឺរ៉ុប ឲ្យទទួលយកនូវហេតុផលខាងលើ សម្រាប់ការសម្រេចចិត្តដក EBA ពីកម្ពុជា។ អង្គការអ្នកប្រជាធិបតេយ្យ នោះបានបញ្ជាក់ថា ប្រជាជនកម្ពុជាបានទទួលនូវការឈឺចាប់គ្រប់គ្រាន់ហើយ និងសមតែរស់នៅដោយសន្តិភាព ឧត្តមភាព និងសុភមង្គល។ គេប្រាថ្នាចង់ឃើញលទ្ធិប្រជាធិបតេយ្យមានភាពរីកចម្រើន និងសេដ្ឋកិច្ចរឹងមាំ តាមរយៈការអនុគ្រោះ និងគាំទ្ររបស់សហគមន៍អន្តរជាតិ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner