កិច្ចប្រជុំដាក់ផែនការត្រៀមប្រើប្រាស់កម្លាំងដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ រក្សាសុវត្ថិភាពឱ្យបានល្អនៅថ្ងៃឃោសនា និងថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា រាជធានីខេត្ត និងស្រុក ក្រុង ខណ្ឌ
ខេត្តបន្ទាយមានជ័យ ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ អាត់ ខែម បានដឹកនាំកិច្ចប្រជុំដាក់ផែនការដល់កងកម្លាំងនគរបាលក្រោមបង្គាប់ត្រៀមប្រើប្រាស់កម្លាំងជាច្រើននាក់ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ រក្សាសុវត្ថិភាព ឱ្យបានល្អសម្រាប់ថ្ងៃឃោសនា និងថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងស្រុកខណ្ឌដែលនៅសល់ប្រមាណជិត១សប្តាហ៍ខាងមុខនេះ។ កិច្ចប្រជុំធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលមានកងកម្លាំងនគរបាលចូលរួមប្រមាណជាង២០០នាក់។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានលើកឡើងដាក់ផែនការឱ្យកម្លាំងនគរបាលក្រោមបង្គាប់ត្រូវត្រៀមប្រមូលម្តុំកម្លាំងសរុបមធ្យោបាយសរុបនៅតាមអង្គភាពនីមួយៗឱ្យរួចជាស្រេច ដើម្បីបែកចែកដាក់កម្លាំងពង្រាយយាមតាមគោដៅសំខាន់ៗនិងកម្លាំងប្រចាំបញ្ជាសម្រាប់ចេញអន្តរាគមន៍សម្រាប់ដោះស្រាយឱ្យទាន់ពេលវេលា ក្នុងករណីកើតឡើងអសន្តិសុខណាមួយជាថាហេតុ។
លោកបានជម្រុញឱ្យកងកម្លាំងនគរបាលត្រូវ បំពេញភារកិច្ចអនុវត្តការងារខាងលើឱ្យបានម៉ត់ចត់ និងមានការការទទួលខុសត្រូវខ្ពស់ចំពោះមុខថ្នាក់លើ។មិនតែប៉ុណ្ណោះលោកបានរំលឹកដល់កងកម្លាំងត្រូវត្រៀមអនុវត្តបទបញ្ជាថ្នាក់លើពោលគឺបង្ការ ទប់ស្កាត់ និងបង្រ្កាប បើកើតមាននូវហេតុការណ៍ណាមួយបង្កដោយក្រុមជ្រុលនិយមដែលមានគំនិតប៉ុនប៉ងរារាំងមិនចង់ឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅបាន។
លោកឧត្តមសេនីយ៍ស្នងការក៏បានណែនាំដល់កងកម្លាំងនគរបាលក្រោមបង្គាប់នៅពេលបំពេញកិច្ចការងារត្រូវគោរអនុវត្តវិន័យកងកម្លាំងនគរបាលជាតិឱ្យបានម៉ឺងម៉ាត់ និងស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ពាក់អត្តញ្ញាណប័ណ្ណសម្គាល់នគរបាលជាតិឱ្យបានគ្រប់គ្នា ចៀសវាងជនខិលខូចបន្លំស្លៀកឯកសណ្ឋាននគរបាលជាតិហើយទៅធ្វើសកម្មភាពខុសច្បាប់ណាមួយនោះ។ ជុំវិញនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត និងស្រុក ក្រុង ខណ្ឌ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ លោក ហី គឹមសេង ប្រាប់ឱ្យដឹងថា ខេត្តបន្ទាយមានជ័យមានមណ្ឌលបោះឆ្នោត៩មណ្ឌលក្នុងស្រុកក្រុងទាំង៩នៃខេត្តបន្ទាយមានជ័យ។ក្នុងនោះមានអង្គបោះឆ្នោត៥១៥នាក់ មកពីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំង៦៥នៃខេត្តបន្ទាយមានជ័យ។
លោកប្រាប់ឱ្យដឹងទៀតថា គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងយកអាសនៈសមាជិកក្រុមប្រឹក្សាខេត្ត និងស្រុក ក្រុង ក្នុងខេត្តបន្ទាយមាន័យមាន៥គណបក្សរួមមានៈ ១,គណបក្សប្រជាជនកម្ពុជា២,គណបក្សហ៊្វុន ស៊ិនប៉ិច ៣,គណបក្សខ្មែររួបរួមជាតិ៤,គណបក្សឆន្ទៈខ្មែរ និង៥,គណបក្សសញ្ជាតិកម្ពុជា។ លោកបញ្ជាក់ឱ្យដឹងទៀតថា ការឃោសនារកសម្លេងឆ្នោតមានរយៈពេល៨ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី១៧រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ។ចំណែកថ្ងៃបោះឆ្នោតប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩៕ធ.ដ
ដោយ៖ឃិន គន្ធា