អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ក្រុមសង្កេតការណ៍អាស៊ាន(អន្តរកាល) ចុះពិនិត្យតំបន់រងផលប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ
ភ្នំពេញ ៖ ក្រុមសង្កេតការណ៍អាស៊ាន(អន្តរកាល) ទាំង៣ប្រទេស រួមមានប្រទេសម៉ាឡេស៊ី វៀតណាម ហ្វីលីពីន បានចុះពិនិត្យតំបន់រងផលប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ បានចុះទៅតំបន់ថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចុះពិនិត្យទីតាំងគ្រាប់បែកMK ទម្លាក់ដោយកងទ័ពជើងអាកាសថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២ ខែសីហា នេះថា កាលបីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានបោះជំហានមួយកម្រិតថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តបទឈប់បាញ់ គឺក្រុមសង្កេតការណ៍អាស៊ាន (អន្តរកាល) បានចុះពិនិត្យតំបន់រងផលប៉ះទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមសង្កេតការណ៍អាស៊ាន (អន្តរកាល) រួមមានអនុព័ន្ធយោធាម៉ាឡេស៊ីជាប្រធាន នៃការដឹកនាំ ជំនួយការអនុព័ន្ធយោធាវៀតណាម និងជំនួយការអនុព័ន្ធយោធាហ្វីលីពីន ក្នុងជំនួបជាមួយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបន្តថា នៅក្នុងជំនួបក៏បានធ្វើបទបង្ហាញអំពីស្ថានភាពនៅតំបន់បន្ទាប់ពីបទឈប់បាញ់ត្រូវបានអនុវត្តហើយចូលជាធរមានមកបានចែករំលែកជូនទៅគណៈប្រតិភូ និងលទ្ធផលជួបជាមួយយោធភូមិទី២ ថៃ កាលបិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ជូនទៅគណៈប្រតិភូក្រុមសង្កេតការណ៍អាស៊ាន (អន្តរកាល) ផងដែរ ដើម្បីឲ្យបានជ្រាបអំពីដំណើការនៃនិមួយៗនិងអំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតិ បានបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា។ នេះគឺជាការបង្ហាញពីឆន្ទៈច្បាស់លាស់របស់រាជរដ្ឋាភិបាល និងការត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញការងារមួយនេះ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអំពាវនាវឲ្យភាគីថៃបញ្ជូនត្រឡប់មកវិញនៅកងកម្លាំងកម្ពុជាចំនួន ១៨រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃឲ្យបានឆាប់រហ័សនិងមានសុវត្ថិភាព៕ដោយ៖ពលជ័យ


