ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីក្រសួងពីរក្នុងថ្ងៃតែមួយ

(ភ្នំពេញ)៖ នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥នេះ ក្រសួងមុខងារសាធារណៈ បានដឹកនាំការប្រឡងជ្រើសរើសមន្ត្រី សម្រាប់ពីរក្រសួង-ស្ថាប័ន ក្នុងថ្ងៃតែមួយ ។ ការប្រឡងទី ១ជាការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រីឯការប្រឡងទី ២ ជាការប្រឡងជ្រើសរើស មន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។

ការប្រឡងនេះ មានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការចូលរួមពីឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ។

សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ មានបេក្ខជនចូលរួមប្រកួតប្រជែងសរុបជិត ៥ ០០០នាក់។ ការប្រឡងនេះ ប្រព្រឹត្តិទៅតែមួយដងប៉ុណ្ណោះ ដោយកំណត់ជ្រើសរើសអ្នកជាប់ ៣៧២នាក់ ដើម្បីទៅបំពេញការងារនៅឃុំ-សង្កាត់នៅតាមខេត្តចំនួន ២៣។ ការប្រឡងមន្ត្រីកសិកម្មឃុំ មាន ៣វិញ្ញាសា រួមមានការប្រឡងជំនាញឯកទេសពាក់ព័ន្ធជំនាញកសិកម្ម ការប្រឡងភាសាអង់គ្លេសកម្រិតមូលដ្ឋានពាក់ព័ន្ធកសិកម្ម និងការប្រឡងលើចំណេះដឹងទូទៅ។ ការប្រឡងនេះ ក៏ជាការប្រឡងចុងក្រោយ សម្រាប់ការជ្រើសរើសមន្ត្រីកសិកម្មឃុំផងដែរ ។

ចំពោះការប្រឡងមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រីវិញ មានបេក្ខជនចូលរួមប្រកួតប្រជែងសរុបជិត ៣០០នាក់។ ការប្រឡងនៅថ្ងៃនេះ ជាការប្រឡងលើវិញ្ញាសាសរសេរលើកទី ១ ដែលនឹងជ្រើសរើសបេក្ខជនបន្តទៅប្រឡងលើវិញ្ញាសាសរសេរលើកទី ២ និងបន្តទៅវគ្គសម្ភាសន៍ ដែលនឹងជ្រើសរើសចំនួនអ្នកជាប់ចុងក្រោយជាមន្ត្រីចំនួន ៨នាក់ប៉ុណ្ណោះ ។

បញ្ជាក់នៅចំពោះមុខបេក្ខជនប្រឡង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា វិញ្ញាសារប្រឡងនេះអាចធានាបានថាមិនមានការបែកធ្លាយនោះទេ ដែលអាចឲ្យបេក្ខជនទាំងអស់មានភាពស្មើរគ្នានៅក្នុងការប្រឡងប្រជែងនេះ ដោយផ្អែកទៅលើសម្ថភាព។

គួរបញ្ជាក់ផងដែរថា មួយព្រឹកពេញមុនការប្រឡង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសា របស់គណៈមេប្រយោគនៃគណៈកម្មការរៀបចំការប្រជែងជ្រើសរើសមន្ត្រីរាជការនៅមណ្ឌលប្រឡងស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ការប្រឡងប្រជែងថ្ងៃនេះ ជាការជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារនៅតាមឃុំ-សង្កាត់ ក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner