យន្តហោះយោធាហ្ស៊កដានី ទម្លាក់ជំនួយពីលើហ្គាហ្សា
បរទេស ៖ រូបភាពដែលចេញផ្សាយ ដោយកងទ័ពប្រទេសហ្សកដានី បានបង្ហាញពីសកម្មភាពយន្តហោះយោធា កំពុងទម្លាក់ជំនួយ ពីលើតំបន់ហ្គាហ្សា នាពេលថ្មីៗនេះ។
យោងតាមសេចក្តីថ្លែងការណ៍ របស់កងកម្លាំងប្រដាប់អាវុធហ្ស៊កដានី កងទ័ពបានធ្វើប្រតិបត្តិការទម្លាក់ ប្រើយន្តហោះ ចំនួន ៧ គ្រឿង ដោយបានបញ្ជូនជំនួយ ជិត ៥៧ តោន ទៅកាន់តំបន់ហ្គាហ្សា ដោយមានការចូលរួមពីប្រទេស មួយចំនួនទៀត។
ការទម្លាក់ជំនួយ ពីលើបែបនេះ បានកើតមានឡើង ស្របពេលដែលមានភាពចម្រូងចម្រាស់ លើការចែកចាយស្បៀងជំនួយ ក្នុងនោះ យោធាអ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសថា បានព្យាយាមរារាំងការចែកចាយអាហារ។ តែ មានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលបាញ់ប្រហារ ស្លាប់មនុស្សបន្តបន្ទាប់ នៅទីតាំងចែកចាយ។
គួររម្លឹកថា ការវាយប្រហារ ឆ្នាំ ២០២៣ របស់ក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល បានបណ្តាលឱ្យមនុស្ស ១២១៩នាក់ ស្លាប់ ដែលភាគច្រើន ជាជនស៊ីវិល នេះបើយោងតាមការបូកសរុបដោយផ្អែកលើតួលេខផ្លូវការ។
ការវាយលុក របស់អ៊ីស្រាអែល ជាការសងសឹក បានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ៦០,២៤៩នាក់ ហើយ ដែលភាគច្រើន គឺជាជនស៊ីវិល នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
