លោក Trump ឲ្យពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ ព្រោះសម្តីញុះញង់របស់មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់
បរទេស ៖ សហរដ្ឋអាមេរិក ដាក់ពង្រាយនាវាមុជទឹក នុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹង «ការបង្កហេតុ» តាមរយៈសម្តី ញុះញង់ខ្លាំង របស់មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ នេះបើតាមការអះអាង របស់លោក Trump កាលពីថ្ងៃសុក្រ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានបញ្ជាឱ្យដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ ចំនួនពីរគ្រឿង ដើម្បីឆ្លើយតប ទៅនឹងការអត្ថាធិប្បាយ របស់មន្ត្រី រូបនោះ។ លោក Trump បង្ហោះ នៅលើវេទិកាសង្គម ផ្ទាល់ខ្លួន របស់លោក ថា «ដោយផ្អែកលើសេចក្តីថ្លែងការណ៍ បង្កហេតុដ៏ខ្លាំង របស់អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលឥឡូវនេះ ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី ខ្ញុំបានបញ្ជាឱ្យនាវាមុជទឹកនុយក្លេអ៊ែរ ចំនួនពីរ ដាក់ពង្រាយទៅក្នុងតំបន់ សមស្រប»។
លោក Trump មិនបានសំដៅជាក់លាក់ ទៅលើអ្វីដែលលោក Medvedev បាននិយាយនោះទេ ហើយ ក៏មិនបង្ហាញជាក់លាក់ ពីទីតាំង ដាក់ពង្រាយដែរ។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃព្រហស្បតិ៍ លោក Medvedev បានរិះគន់ លើលោក Trump តាមរយៈគណនី Telegram ជុំវិញសង្គ្រាមត្រជាក់ ហើយ ថ្មីៗនេះ លោក Medvedev ក៏បានរិះគន់ យ៉ាងចាស់ដៃ ទៅលើការគំរាមកំហែង របស់លោក Trump ចំពោះការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី ជុំវិញការបន្តឈ្លានពាន របស់ទីក្រុងម៉ូស្គូ ទៅលើ ប្រទេស អ៊ុយក្រែន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
