លោក ពូទីន និយាយថា ចង់បានសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃសុក្រ ទី១ ខែសីហាថា លោកចង់បានសន្តិភាព យូរអង្វែង នៅអ៊ុយក្រែន។
មេដឹកនាំ រុស្ស៊ី រូបនេះ បានបន្ថែមថា លក្ខខណ្ឌរបស់ទីក្រុងម៉ូស្គូ សម្រាប់សន្តិភាព នៅតែមិនផ្លាស់ប្តូរ។ លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានថា «យើងត្រូវការ សន្តិភាព យូរអង្វែង និងស្ថិរភាព នៅលើមូលដ្ឋានរឹងមាំ ដែលនឹងពេញចិត្តទាំងរុស្ស៊ី និងអ៊ុយក្រែន ហើយនឹងធានាបាន នូវសន្តិសុខនៃប្រទេសទាំងពីរ»។ ប៉ុន្តែ លោកបានបន្ថែមថា «លក្ខខណ្ឌ ពីខាងរុស្ស៊ី ពិតជានៅដដែល»។
ជាការកត់សម្គាល់ រុស្ស៊ី បានអំពាវនាវ ជាញឹកញាប់ ដល់អ៊ុយក្រែនឲ្យ បោះបង់ការគ្រប់គ្រងតំបន់ចំនួន៤ ដែលក្រុងម៉ូស្គូ អះអាងថា បានដាក់បញ្ចូល ជាការទាមទាររបស់ខ្លួន តែ ជាអ្វីដែល ក្រុងកៀវ បានហៅថា «មិនអាចទទួលយកបាន»។
អ៊ុយក្រែនបានកំពុងអង្វរអ្នកគាំទ្រ លោកខាងលិច ឱ្យបញ្ជូនអាវុធបន្ថែមទៀតសម្រាប់កងទ័ពខ្លួន ដើម្បីទប់ទល់នឹងការវាយប្រហារ ប្រចាំថ្ងៃ របស់ក្រុងមូស្គូ និងដាក់ទណ្ឌកម្មបន្ថែមទៀត លើរុស្ស៊ី៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត