កម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “តំណក់ឈាមការពារជាតិយើង”
(ភ្នំពេញ)៖ ក្នុងបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារបូរណភាពទឹកដី ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ នាព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមបរិច្ចាគឈាម ក្នុងកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “តំណក់ឈាមការពារជាតិយើង” ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ ដោយមានការចូលរួមបរិច្ចាគឈាម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ព្រមទាំងព្រះសង្ឃ និងសិស្ស និស្សិត ជាច្រើនអង្គ/នាក់ នៅទីស្តីការក្រសួងមហាផ្ទៃ ។
ក្នុងពេលនិមន្ត និងទៅបរិច្ចាកឈាម ព្រះសង្ឃ និងកងកម្លាំងនគរបាល បានបង្ហាញនូវការដឹងគុណ ចំពោះវីរកងទ័ពកម្ពុជានៅសមរភូមិមុខ ដែលឈរជើងដើម្បីការពារបូរណភាពទឹកដី ដោយនៅសមរភូមិក្រោយ បានរង់ចាំជានិច្ច ក្នុងការគាំទ្រ និងការលើកទឹកចិត្ត ។
ការបរិច្ចាកឈាមនាពេលនេះ គឺជាចំណែកមួយ ក្នុងនាមជាអ្នកស្នេហាជាតិ ដើម្បីផ្ដល់ជូនបងប្អូនកងទ័ពនៅសមរភូមិមុខ ហើយសកម្មភាពនេះ គួរកើតឡើងចំពោះប្រជាជាតិខ្មែរទាំងមូល ក្នុងការចូលរួមទាំងអស់គ្នា ។ ជាមួយនឹងសកម្មភាពនេះបានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាយើងគ្រប់ស្រទាប់វណ្ណៈ មិនបានលះបង់សាច់ស្រស់ឈាមស្រស់នៅលើសមរភូមិ ប៉ុន្តែយើងក៏អាចផ្តល់ឈាមរបស់យើងដើម្បីសង្រ្គោះជីវិតបានដូចគ្នា ។
គួរបញ្ជាក់ថា កម្មវិធីបរិច្ចាកឈាម ដើម្បីគាំទ្រដល់កងទ័ពការពារបូរណភាពទឹកដីនេះ គឺបានផ្ដួចផ្ដើមឡើងពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១កម្ពុជា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ធ្វើឡើងនៅមជ្ឍមណ្ឌលនិងពិពណ៌កោះពេជ្រ ហើយសកម្មភាពបរិច្ចាកឈាមនេះ កំពុងផុលផុសឡើងនៅទូទាំងប្រទេស ដែលសកម្មភាពនេះ គឺបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ ពិតជាមានសាមគ្គីភាពរឹងមាំ ក្នុងការពួតដៃគ្នាជាធ្លុងមួយ ដើម្បីការពារជាតិ ការពារទឹកដីមិនឲ្យបាត់បង់ ។
បើតាមការបញ្ជាក់របស់មន្ត្រីជំនាញផ្នែកសុខាភិបាល បានឲ្យដឹងថា ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ផ្ទុយទៅវិញវាជួយធ្វើឲ្យសុខភាពកាន់តែល្អប្រសើរ ជាងនេះទៅទៀត ការបរិច្ចាគឈាមក្នុងពេលនេះ ក៏បានបង្ហាញអំពីស្មារតី ស្នេហាជាតិ មាតុភូមិ និងអាយុជីវិតរបស់កងទ័ព និងប្រជាជនខ្មែរផងដែរ ៕
ដោយ / គ្រី សម្បត្តិ






