អ្នកនាំពាក្យក្រសួងការបរទេស រំលឹកថៃ ធ្វើអ្វីឱ្យគោរពពាក្យសម្តី និងសកម្មភាពជាក់ស្តែង ចៀសវាងធ្វើសកម្មភាពបង្ករឿង និងត្រូវចេះគោរពកិច្ចព្រមព្រៀងឈប់បាញ់

(ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងដោយអំពាវនាវឱ្យភាគីថៃត្រូវធ្វើអ្វីឱ្យមានភាពស៊ីគ្នារវាងពាក្យសម្តី និងសកម្មភាពជាក់ស្តែង តាមរយៈការចៀសវាងសកម្មភាពបង្ករឿង ការគោរពចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ហើយធានាការប្រព្រឹត្តិស្របទៅនឹងគោលការណ៍មនុស្សធម៌ និងការដោះលែងជាបន្ទាន់នូវយោធារបស់កម្ពុជាដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ថៃ។

គួរបញ្ជាក់ថា ការលើកឡើង និងក៏ដូចជារំលឹកដល់ភាគីថៃនេះធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃ ទី០៣ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី ។

ឯកឧត្តម ជុំ សុន្ទរី បានអំពាវនាវឱ្យភាគីថៃបង្ហាញនូវការតាំងចិត្តដ៏ពិតប្រាកដចំពោះដំណាក់ការដោះស្រាយដោយសន្តិវិធី ដោយការចូលរួមដ៏ពិតប្រាកដនៅក្នុងក្របខណ្ឌច្បាប់ ដែលភាគីទាំងពីរបានឯកភាពបញ្ឈប់នូវអំពើឯកតោភាគី ហើយចូលរួមដោយស្ថាបនានៅក្នុងកិច្ចពិភាក្សាដោយផ្អែកទៅលើឯកសារដែលបានទទួលស្គាល់ទៅវិញទៅមករវាងភាគីទាំងពីរ។

អ្នកនាំពាក្យក្រសួងការបរទេសបានលើកឡើងដែរថា ៖ កម្ពុជាបានបង្ហាញជាប់ជាប្រចាំនូវសុឆន្ទៈរបស់ខ្លួនក្នុងការចូលរួមដោយសុទ្ធចិត្តក្នុងការចរចាជាមួយភាគីថៃ ហើយថា កម្ពុជាបានចូលរួមយ៉ាងពេញលេញនៅក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់។

កម្ពុជានៅតែបើកចំហដើម្បីកិច្ចសន្ទនាដោយស្មោះស្ម័គ្រ និងសូមគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការត្រៀមខ្លួនរបស់កម្ពុជាដើម្បីធ្វើការដោយជិតស្និទ្ធជាមួយភាគីថៃ និងដៃគូអន្តរជាតិនានា ដើម្បីការធានាបាននូវដំណោះស្រាយដោយយុត្តិធម៌ សន្តិវិធី និងស្ថិតស្ថេរសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner