ក្រុមអ្នកសង្កេតការណ៍ អនុព័ន្ធយោធាអាស៊ាន ៧ប្រទេស នឹងចុះពិនិត្យការអនុវត្តបទឈប់បាញ់នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ
(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន (អន្តរកាល) ៧ប្រទេសនឹងចុះ ពិនិត្យ ការអនុវត្តបទឈប់បាញ់នៅតំបន់រងផលប៉ះពាល់ នៃការប៉ះទង្គិចប្រដាប់អាវុធ រវាងយោធាកម្ពុជា-ថៃ។
លោកជំទាវ ម៉ាលី សុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងក្នុងសន្នីសីទសាររព័ត៌មាននៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះថាក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន ទាំង ៧ប្រទេស ដែលនឹងចុះទៅពិនិត្យសង្កេតការណ៍នៅបណ្តាទីតាំងមួយចំនួន ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់ ក្នុងនោះរួមមាន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាតំបន់រងផលប៉ះពាល់ នៃការប៉ះ ទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។
ជាមួយគ្នានេះដែរអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ឱ្យដឹងថាក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ានដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី នឹងមានការចូលរួ មពីបណ្តាប្រទេសចំនួន៦ ដូចជា ៖ ឥណ្ឌូនេស៊ី, ឡាវ ,មីយ៉ាន់ម៉ា,ហ្វីលីពីន,សិង្ហបុរី,និង. វៀតណាម។
លោកជំទាវអ្នកនាំពាក្យបានលើកឡើងថា សកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍កើតចេញពីលទ្ធផលបន្តពីការប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលបានឯកភាពគ្នាក្នុងការអនុវត្តបទឈប់បាញ់ ។ មកដល់ពេលនេះ ធ្វើឲ្យស្ថានការណ៍នៅតាមតំបន់ព្រំដែនមានភាពធូរស្រាលជាងមុន។
អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងដែរថា ចំពោះការចុះពិនិត្យជាលើកទី២នេះក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះដឹកនាំដោយអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី នឹងធ្វើការបំពេញបេសកម្មក្នុងរយៈពេល២សប្តាហ៍ពេញតែម្តង ។ ចំពោះការចូលរួមរបស់ប្រទេសដៃគូរទាំងអស់បានឆ្លុះបញ្ចាំងឱ្យឃើញពីបំណងប្រាថ្នារួមក្នុងការអនុវត្តបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែង រវាងប្រទេសទាំង២គឺកម្ពុជា-ថៃ៕
ដោយ ៖ ម៉ាដេប៉ូ
