ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ៖ ធ្វើការងារនៅក្នុងប្រទេសកម្ពុជាមានអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ
(ខេត្តកំពង់ធំ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពន្យល់ប្រាប់បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃថា ការធ្វើការងារនៅក្នុងប្រទេសកម្ពុជាមានអត្ថប្រយោជន៍ច្រើនជាងធ្វើការងារនៅប្រទេសថៃ និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលផងដែរ ។
ការពន្យល់នេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អមដោយលោក លី វេត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឃុំកំពង់ចិនត្បូង និងឃុំរុងរឿង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា កម្មករនិយោជិតដែលធ្វើការងារនៅក្នុងប្រទេសកម្ពុជា ទទួលបានប្រាក់ខែគោលសមរម្យ និងទទួលបានមានអត្ថប្រយោជន៍ពីបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) ពោលគឺ ពេលឈឺទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់ប្រាក់ និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពេលចូលនិវត្តន៍ពីការងារ បងប្អូនមានប្រាក់សោធនទៀតផង។ ប៉ុន្ដែចំពោះបងប្អូនទៅធ្វើការនៅប្រទេសថៃ នៅពេលចាស់បន្តិចនឹងត្រូវរុញត្រឡប់ឱ្យមកកម្ពុជាវិញ ហើយពេលចាស់ទៅ នឹងមិនបានទទួលអត្ថប្រយោជន៍ដូចនៅកម្ពុជានោះទេ ។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ចំណូលដែលទទួលបានបើប្រៀបធៀបនឹងការទៅធ្វើការនៅប្រទេសថៃគឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង។
គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅផ្សព្វផ្សាយពីឱកាសការងារ នៅឃុំកំពង់ចិនត្បូង និងឃុំរុងរឿង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីនាំយកការងារជូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ១០ ដែលមានតម្រូវការកម្លាំងពលកម្មប្រមាណ ៧ពាន់កន្លែង៕
ដោយ ៖ ង៉ាន់ ទិត្យ




