អភិបាលខេត្តបាត់ដំបងបញ្ជាក់ថា ពលករខ្មែរជាង៣០ម៉ឺននាក់បា​នវិលត្រឡប់ពីប្រទេស​ថៃតាមច្រក​ព្រំដែនអន្តរជាតិដូង

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានព
លករខ្មែរបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង នៃស្រុកកំរៀង ខេត្តបាត់ដំបងសរុប ប្រមាណជាង៣០ម៉ឺននាក់។

ការបញ្ជាក់នេះក្នុងពេលឯកឧត្តមអភិបាលខេត្តបាត់ដំបងអញ្ជើញទទួលស្វាគមន៍ និងសម្របសម្រួលការវិលត្រឡប់​នៃពលករខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិដូងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ស្រុកកំរៀង។

នៅទីនោះឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់​គ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំយកចិហ្តទុកដាក់និងពង្រឹង​ការជួយ​សម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរ។ ជាពិសេស អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធ​ទាំងអស់ដែលកំពុងតែប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូងត្រូវបង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួល ដំណើរវិលត្រឡប់របស់ពលករខ្មែរទាំងនោះបានទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់​ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ដែលបានខិតខំយកចិត្តទុកដាក់ និងជួយ​បង្កលក្ខណៈងាយស្រួលដល់ពលករ។

ឯកឧត្តមបានគូសរំលេចថា ក្នុងដំណាក់កាលដ៏លំបាកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកជាខ្លាំងដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនពលករខ្មែរ ដែលវិលចូល​ប្រទេសវិញប្រកបដោយភាពសុខស្រួល។

ចំណែកបងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃ បានត្អូញត្អែរពីសមត្ថកិច្ចច្រកទ្វារព្រំដែនខាងថៃ បានកំណត់​ទារប្រាក់ពីពលករខ្មែរក្នុងមា្នក់ៗត្រូវបង់លុយចំនួន៦០០បាត ទើបសមត្ថកិច្ចថៃ ទើបវាយឯកសារឱ្យដើម្បី​បាន​ចេញពីប្រទេស។

ជាមួយគ្នានេះ បងប្អូនពលករក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និង អាជ្ញាធរទាំងអស់ ដែលបានផ្ដល់​ការយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងបានដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតវិញដោ
យសុវត្ថិភាព។

សូមបញ្ជាក់ថា ចំពោះការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់ មកនេះ ត្រូវបានទទួលការ​យកចិត្ត​ទុកដាក់​ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយសម្ដេចបានផ្ដល់រថយន្តជាច្រើនគ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូន ទៅដល់​ស្រុកកំណើត។

ក៏ដូចជាច្រកដទៃទៀតដែរ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង រដ្ឋបាលខេត្តបាត់ដំបង មន្រ្តីជំនាញមកពី​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរជំនាញពាក់ព័ន្ធ ក្រុមគ្រូពេទ្យ យុវជន អាជ្ញាធរ និងកងកម្លាំងរបស់កម្ពុជា បានជួយ​សម្របសម្រួលជញ្ជូនឥវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម និងរៀបចំមណ្ឌលសំចត ដោយ​ផ្ដល់​អាហារសម្រន់ និងការប្រឹក្សាផ្សេងៗផងដែរ៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប
ads banner