រដ្ឋមន្ត្រីធនធានទឹកអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារវីរកងទ័ពជួរមុខអនុសេនីយ៍ត្រី ជួង លាភ 

កំពង់ធំ៖ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម​និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តកំពង់ធំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារគោរព​វិញ្ញាណក្ខន្ធសព​​អនុសេនីយ៍ត្រី ជួង លាភ វីរកងទ័ពជួរមុខ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីទិស​ប្រាសាទតាមាន់ និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពវីរយុទ្ធជនការពារជាតិដោយផ្ទាល់ នៅគេហដ្ឋាន​ក្នុងភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ បានសម្តែងការសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់​អនុសេនីយ៍​ត្រី ជួង លាភ ដែលជាវីរកងទ័ពជួរមុខដ៏មោះមុត។ មរណភាពរបស់អនុសេនីយ៍ត្រី ជួង លាភ គឺជាការបាត់​បង់នូវយោធិនដ៏អង់អាចក្លាហាន ដែលហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការការពារបូរណភាពទឹកដី ៕

ដោយ៖ប៊ុន រដ្ឋា

ads banner