សហគ្រិនខ្មែរ និងសាកលវិទ្យាល័យស្វាយរៀងរៀបចំកម្មវិធី “ប្រកួតប្រជែងផ្តាច់ព្រ័ត្រគំរូអាជីវកម្ម រដូវកាលទី៣ ជាផ្នែកមួយនៃកម្មវិធី សហគ្រិនមហាវិទ្យាល័យ-UniPreneur” ដែលមានអ្នកចូលរួមប្រមាណជា ៤៥០ នាក់

ស្វាយរៀង៖សាកលវិទ្យាល័យស្វាយរៀង និងសហគ្រិនខ្មែរកាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥បានរៀបចំកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម វគ្គផ្តាច់ព្រ័ត្ររបស់និស្សិតសាកលវិទ្យាល័យស្វាយរៀង” សម្រាប់រដូវកាលទី៣ ក្រោម​អធិបតី​ភាពសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង និងកញ្ញា ក្រិច ស្រីនាង មន្រ្តីជំនាញ​នវា​នុវត្តន៍នៃសហគ្រិនខ្មែរតំណាងឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​នាយកប្រតិបត្តិ​សហគ្រិនខ្មែរ ។កម្មវិធីនេះមានក្រុមនិស្សិតត្រូវចូលរួមប្រកួតផ្តាច់ព្រ័ត្រចំនួន១១ក្រុមជាក្រុមជម្រើសចុងក្រោយ។

ពិធីនេះមានការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃសាកលវិទ្យាល័យស្វាយរៀង​ ភ្ញៀវកិត្តិយសមកពី​ មន្ទីរវិស័យ​ជំនាញនានាជុំវិញខេត្តតំណាងរដ្ឋបាលក្រុង/ស្រុកទាំង៨ វិស័យឯកជនមានក្រុមហ៊ុន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មផ្ទាល់ខ្លួន នាយកវិទ្យាល័យទាំង២១ទូទាំងខេត្ត យុវជន ស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិកម្ពុជា សិស្ស និស្សិត អតីតនិស្សិត និងមាតាបិតាប្រមាណ ៤៥០នាក់។

លោកសាស្រ្តាចារ្យជំនួយ មុំ កេត ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យ ស្វាយរៀងបាន​បញ្ជាក់ថា​កម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី៣” ឆ្នាំ២០២៥ នេះមានបេក្ខជនជានិស្សិត និងអតីតនិស្សិត ចុះឈ្មោះចូលរួមចំនួន ៦៨នាក់ នារី ៤១នាក់ (ស្មើនឹង ១៤ក្រុម) មកពីមហាវិទ្យាល័យទាំង៥ នៃសាកលវិទ្យា​ល័យស្វាយរៀង។ កម្មវិធីនេះបានដំណើរការដោយឆ្លងកាត់ ៥ ដំណាក់កាលសំខាន់ៗ រួមមាន៖ ១. ការផ្សព្វផ្សាយ និងចុះឈ្មោះចូលរួម ២. បណ្តុះបណ្តាលអំពីសហគ្រិនភាព និងគំរូអាជីវកម្ម ៣. ការប្រកួតប្រជែងវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ៤. ការអភិវឌ្ឍន៍គំរូគំនិតអាជីវកម្ម និងគំរូផលិតផល (Product Prototype) និង ៥. ការប្រកួតប្រជែងផ្តាច់​ព្រ័ត្រ ដែលនឹងត្រូវធ្វើក្នុងពេលនេះ។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានផ្តាំផ្ញើដល់កម្មវិធីទាំងមូលផងដែរថា «ប្រព័ន្ធអេ​កូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើតនវានវត្តន៍ថ្មី ថែមទាំនវានុវត្តន៍ដែលមានស្រាប់ ជំរុញនវានុវត្តន៍ដែលមានសក្តានុពល ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធន​មនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា» ៕
ដោយ៖នុត នាង

ads banner