ទ័ពជើងទឹកហ្វីលីពីន-ឥណ្ឌាផ្តើមល្បាតរួមគ្នាលើកដំបូងនៅសមុទ្រចិនខាងត្បូង
ម៉ានីល ៖ នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា និងហ្វីលីពីន ចាប់ផ្តើមត្រាចចរល្បាតរួមគ្នាជាលើកដំបូង នៅតំបន់ដែនទឹកនៃសមុទ្រចិនខាងត្បូងដែលមានជម្លោះ នេះបើតាមការបញ្ជាក់របស់យោធាហ្វីលីពីននៅថ្ងៃទី៤ ខែសីហា។
ការល្បាតរួមគ្នានេះ មានរយៈពេល ២ថ្ងៃ ដោយខាងភាគីឥណ្ឌាបានបញ្ជូននាវាចំនួន៣គ្រឿងមកចូលរួម។ ហើយការល្បាតនេះ ចាប់ផ្តើមកាលពីថ្ងៃអាទិត្យទី៣ ខែសីហា មួយថ្ងៃមុនពេលលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos ធ្វើដំណើរទៅកាន់ទីក្រុងញូវដែលី ដើម្បីជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi។
នៅពេលទៅដល់ឥណ្ឌា លោកប្រធានាធិបតី Marcos ត្រូវបានរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យមួយចំនួន មានដូចជាច្បាប់ វប្បធម៌ និងបច្ចេកវិទ្យា នេះបើយោងតាមជំនួយការរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Evangeline Ong Jimenez-Ducrocq ប៉ុន្តែគ្រប់ក្រសែភ្នែកទាំងអស់នឹងផ្តោតលើកិច្ចព្រមព្រៀងការពារជាតិដ៏មានសក្តានុពលណាមួយ។
ហ្វីលីពីនបានបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសម្ព័ន្ធមិត្តជាច្រើនក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ជាមួយភាគីចិន នៅក្នុងផ្លូវទឹកដែលមានជម្លោះ។ តួយ៉ាង ហ្វីលីពីនធ្លាប់បានទិញមីស៊ីលល្បឿនលឿនជាងសំលេង BrahMos ពីឥណ្ឌា ជាអាវុធដែលមានល្បឿនអតិបរមា ៣.៤៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា


