ចិន-រុស្ស៊ីផ្តើមសមយុទ្ធយោធារួមគ្នានៅសមុទ្រជប៉ុន
ប៉េកាំង ៖ កងទ័ពមកពីចិន និងរុស្ស៊ី ចាប់ផ្តើមសមយុទ្ធយោធាជើងទឹករួមគ្នានៅសមុទ្រជប៉ុនកាលពីថ្ងៃទី០៣ ខែសីហា ដើម្បីហ្វឹកហាត់ស្វែងរកការពង្រឹងភាពជាដៃគូ និងការប្រឆាំងនូវអ្វីដែលពួកគេមើលឃើញថា សណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាមេរិក។
ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធយោធារួមគ្នានេះ មានឈ្មោះ “Joint Sea-2025” បានចាប់ផ្តើមនៅក្នុងដែនទឹកក្បែរទីក្រុងកំពង់ផែ Vladivostok របស់រុស្ស៊ី ហើយនឹងមានរយៈពេលបីថ្ងៃ។
បើតាមក្រសួងការពារជាតិចិន, ល្បែងសង្រ្គាមឆ្នាំនេះ គឺមានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
តាមរយៈសមយុទ្ធនេះ ភាគីទាំងពីរនឹងហ្វឹងហាត់ជួយសង្គ្រោះនាវាមុជទឹក ការប្រឆាំងនាវាមុជទឹករួមគ្នា ការការពារដែនអាកាស និងប្រតិបត្តិការប្រឆាំងមីស៊ីល និងការប្រយុទ្ធតាមដែនសមុទ្រ។
បន្ទាប់ពីសមយុទ្ធនេះ កងទ័ពជើងទឹកប្រទេសទាំងពីរនឹងធ្វើការល្បាតនៅក្នុងដែនទឹកដែលពាក់ព័ន្ធនៃតំបន់ប៉ាស៊ីហ្វិក។ ចិន និងរុស្ស៊ីបានផ្តួចផ្តើមធ្វើសមយុទ្ធយោធា “Joint Sea-2025” ចាប់តាំងពីឆ្នាំ២០១២៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា