អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ ភាគីថៃ រំលោភបំពានយ៉ាងគឃ្លើនម្តងហើយម្តងទៀត លើបូរណភាពទឹកដីកម្ពុជា និងរំលោភបទឈប់បាញ់
(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ពិសេសនារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ថា នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ថៃ បានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំង ពីសំណាក់កងកម្លាំងរបស់យើងយ៉ាងណាក៏ដោយ ។
គួររំលឹកផងដែរថា កម្ពុជា ទើបតែបានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេស ប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះ បញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា ។
ទង្វើនេះ គឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះសន្តិភាព និងសន្តិសុខ នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។
កម្ពុជា សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស ប្រទេសដៃគូ ដែលបានខិតខំប្រឹងប្រែង ជួយឱ្យសម្រេចបានបទឈប់បាញ់ដ៏លំបាកមួយនេះ ហើយសុទ្ធតែមានបំណង ចង់ឃើញបទឈប់បាញ់មួយនេះ ត្រូវបានអនុវត្តដោយពេញលេញ និងប្រកបប្រសិទ្ធភាព, ទាមទារឱ្យថៃ បញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនជាបន្ទាន់ និងគោរពឱ្យបានម៉ឺងម៉ាត់ នូវច្បាប់អន្តរជាតិ ជាពិសេស អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ៕




អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លឹមហួត