មន្រ្តីមន្ទីរព័ត៌មានខេត្តកំពង់ចាម​បន្តយុទ្ធនាការប្រឆាំងនឹងព័ត៌មាន​ក្លែងក្លាយនៅស្រុកស្ទឹងត្រង់

កំពង់ចាម​៖លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម​ បានរំលឹក​ដល់អ្នកសារព័ត៌មានឌីជីថល​ ក៏ដូចជា​អ្នកប្រើបណ្តាញសង្គម​ត្រូវប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ ដោយផ្សព្វផ្សាយតែការពិត។​ ការដាស់តឿន​បែប​នេះក្នុងឱកាសបន្តយុទ្ធនាការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីព័ត៌មានក្លែងក្លាយក្រោមពាក្យស្លោក «និយាយថា​ទេចំពោះព័ត៌មានក្លែងក្លាយ» នៅស្រុកស្ទឹងត្រង់​កាលពីព្រឹកថ្ងៃទី​៤​ ខែសីហា​ ឆ្នាំ​២០២៥​ ។

លោកស្រី​ប្រធានមន្ទីរក៏បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ ត្រូវផ្ទៀងផ្ទាត់​ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿជាក់​ ជាពិសេស​ត្រូវពិចារណាឱ្យ​បានច្បាស់លាស់​ មុននឹងចែករំលែកព័ត៌មានទាំងនោះបន្ត ទៅលើ​បណ្ដាញ​សង្គម និងចែករំលែកដល់មិត្តភក្ដិ ឬក្រុមគ្រួសារ​ ព្រោះការបង្កើត ព័ត៌មានក្លែងក្លាយ គឺជាទង្វើដែលសង្គមមិនគាំទ្រ​នោះទេ​ ។

ទាក់ទងនឹងយុទ្ធនាការ លោកស្រី​​ប្រធានមន្ទីរព័ត៌មាន បានបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេ​ចំពោះព័ត៌មាន​ក្លែងក្លាយ»រៀបចំឡើង​ក្នុងគោលបំណងកាត់​បន្ថយ​ជាអតិបរមានូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និង ឈានទៅលុបបំបាត់​ព័ត៌មាន​ក្លែងក្លាយពីលំហព័ត៌មាន ក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខ ព័ត៌មាន ពោល​គឺ​ការ​ទទួលព័ត៌មានប្រកបដោយគុណភាព និង សុវត្ថិភាព។​យុទ្ធនាការ​នេះនឹង​បន្ត​ចុះ​ធ្វើនៅគ្រប់បណ្តាក្រុង-ស្រុកនានា​នៅទូទាំងខេត្តកំពង់ចាម៕

ដោយ៖លី ពៅ

ads banner