ក្នុងចំណោមជនភៀសសឹកជាង៥ពាន់នាក់ក្នុងវត្ដស្រែណូយ ខេត្តសៀមរាប មានសិស្សានុសិស្សជាង៣០០នាក់កំពុងឃ្លាតឆ្ងាយពីសាលារៀន
សៀមរាប៖គិតមកដល់ពេលនេះមានជនភៀសសឹក ជាង៥ពាន់នាក់ ក្នុងចំណោមនេះមានសិស្សជាង៣០០នាក់ កំពុងត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ដើម្បីជួយដោះស្រាយឱ្យបានរៀនសូត្រ។
បញ្ជាក់ប្រាប់ក្រុមបណ្តាញសារព័ត៌មាននៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៥នេះលោក ប៊ុត វិបុល អភិបាលរងស្រុកវ៉ារិន ខេត្ដសៀមរាប ទទួលខុសត្រូវជាប្រធានគណៈកម្មការគ្រប់គ្រងជនភៀសសឹកនៅក្នុងវត្ដស្រែណូយ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាបបានឱ្យដឹងថា៖”សម្រាប់ជនភៀសសឹកភាគច្រើនមកពីស្រុកអន្លង់វែង ក្រុងសំរោង និងស្រុកជាំក្សាន្ត ស្រុកស្រអែម ខេត្តព្រះវិហារ”រាប់ចាប់ពីមានការផ្ទុះអាវុធដាក់គ្នាដោយសារការឈ្លានពានពីភាគីថៃចាប់ពីថ្ងៃទី ២៤ ខែ កក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២៥នេះឃើញថាប្រជាពលរដ្ឋដែលបានភៀសខ្លួនមករស់នៅក្នុងវត្ដស្រែណូយ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាបមានចំនួន១១៦៤គ្រួសារ សរុបមានចំនួន៥០៥៣នាក់។ក្នុងចំណោមនេះមានសិស្សានុសិស្សពី៣០០ទៅ ៤០០នាក់កំពុងត្រូវបានអាជ្ញាធរ ដោះស្រាយឱ្យបានរៀនសូត្រ។
លោកអភិបាលរងស្រុកបានបញ្ជាក់ប្រាប់បន្ថែមថា “ដោយសារការឃ្លាតឆ្ងាយពីផ្ទះកុមារ និងសិស្សានុសិស្សខ្លះពុំបានរៀនសូត្រ ហេតុនេះទើបខាងអប់រំបានចុះស្រង់ស្តិតិដើម្បីផ្តល់ការរៀនសូត្របន្ថែម ហើយរយៈពេលប៉ុន្មានថ្ងៃមុននេះក៏មានអង្គការក្រៅរដ្ឋាភិបាល បានយកសៀវភៅ អំណានដើម្បីជួយឱ្យសិស្សានុសិស្សបានអានផងដែរ”៕ដោយ៖ ម៉ាដេប៉ូ







