ប្រជាជនថៃទាមទារឱ្យ អ្នកស្រី ផែថងថាន ចុះចេញពីតំណែងភ្លាមៗ
បាងកក ៖ ប្រជាជនថៃមិនចង់ឲ្យខាតពេលវេលា ស៊ើបអង្កេត ករណីលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលត្រូវបានព្យួរតំណែង បន្តទៀតទេ គឺ ត្រូវតែ ចុះចេញ ពីតួនាទី ជានាយករដ្ឋមន្ត្រី ភ្លាមៗ តែម្តង។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រុមបាតុករដែលបានជួបជុំគ្នាធ្វើបាតុកម្ម ជាថ្មី កាលពីចុងសប្តាហ៍ បានចោទប្រកាន់លោកស្រី ផែថងថាន និង ក្រុមគ្រួសាររបស់ លោកស្រី បង្កជម្លោះ អូសបន្លាយ នៅព្រំដែន ដែលធ្លាប់តែ ស្ងប់ស្ងាត់ ជាយូរមកហើយ។

សកម្មជន Jittakorn Bussaba ដោយប្រើឈ្មោះ ហៅក្រៅរបស់លោកស្រី ផែថងថាន ថា «អ៊ុង អ៊ីង» បានស្រែកថា «អ្នកត្រូវតែ ចាកចេញ»។ លោក បាននិយាយថា «ដោយសារតែមានឈាមនៅលើដៃ របស់អ្នក មានមនុស្សបានស្លាប់ ដោយសារតែអ្នក»។

រីឯ បាតុករ ឈ្មោះ Ammorn Khunthong អាយុ ៥៨ ឆ្នាំ បាននិយាយថា «អ៊ុង អ៊ីង បានបំផ្លាញប្រទេសជាតិ..លោក ថាក់ស៊ីន និងក្រុមគ្រួសារ សូមឈប់បញ្ជាដឹកនាំប្រទេសនេះ ទៀត»។

គួរបញ្ជាក់ថា តុលាការធម្មនុញ្ញថៃ ត្រូវបានគេរំពឹងថា នឹងប្រកាសសាលក្រម នៅប៉ុន្មានសប្តាហ៍ ខាងមុខនេះ លើញត្តិដែលស្វែងរកការដក លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ចេញពីតំណែង ដោយហេតុផល ខ្វះសីលធម៌ ជុំវិញការបែកធ្លាយសម្លេងសន្ទនា៕
ប្រភពពី AP ប្រែសម្រួល៖ សារ៉ាត

