អ្នកជំនាញព្រមានពីហានិភ័យ ថៃចាត់ទុកតោ ជាសត្វចិញ្ចឹម
បាងកក ៖ អ្នកជំនាញបានព្រមានពីហានិភ័យ ដែលថៃចាត់ទុក «តោ» ជាសត្វចិញ្ចឹម ស្របពេលដែលប្រទេសនេះបើកដៃឲ្យប្រជាជនខ្លួន យកសត្វកាចសាហាវ ប្រភេទនេះ មកជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយស្របច្បាប់។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា បញ្ហានេះ ត្រូវបានលើកឡើង មកជជែកដេញដោល ក្រោយពេលដែល មានអ្នកលេង TikTok នៅថៃ បានថតសត្វតោចិញ្ចឹមបង្ហោះ ក្នុងនោះ ម្ចាស់គណនី Tharnuwarht Plengkemratch ហ៊ានលេងជាមួយតោ ដែលមានទម្ងន់ ២០០គីឡូក្រាម ឈ្មោះ «Big George» ហើយ ស្រូបទាញអ្នកតាមដាន ជិត ៣លាននាក់។
ចំនួនសត្វ តោ ដែលប្រជាជនថៃ យកមកចិញ្ចឹម បានផ្ទុះឡើងខ្លាំង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្នុងនោះ រាប់សិបក្បាល មាននៅក្នុងហាងកាហ្វេ និង ផ្ទះ ជាដើម។ ច្បាប់ តាំងពីឆ្នាំ២០២២ តម្រូវឲ្យរាយការណ៍ ពីការចល័តសត្វ ប៉ុន្តែ មិនមានច្បាប់ ហាមលើការបង្កាត់ពូជទេ ហើយមានពេលដល់ទៅ ៦០ថ្ងៃ ដើម្បីជូនដំណឹង ជាហេតុនាំឲ្យ អ្នកជំនាញព្រមានថា ជាការចន្លោះប្រហោង ជាខ្លាំង។
លោក Tom Taylor ប្រធានប្រតិបត្តិ នៃ ក្រុមអភិរក្ស Wildlife Friends Foundation Thailand បានប្រាប់កាសែត AFP ថា និន្នាការនេះ បង្កគ្រោះថ្នាក់ដល់សត្វ និងមនុស្ស ព្រមទាំង បង្កការឈឺក្បាល ដល់អាជ្ញាធរ និង ទំនងជាជំរុញឱ្យមានការជួញដូរខុសច្បាប់ ទាំងក្នុង និងក្រៅប្រទេស។ លោកបានសង្កត់ធ្ងន់ថា ភាពជ្រួលជ្រមរបស់ប្រជាជនថៃបែបនេះ គឺជារឿងឆ្កួតទាំងស្រុង។
លោកបានបន្តថា ជាការគួរឱ្យភ័យខ្លាច ក្នុងការស្រមៃទៅមុខ ប្រសិនបើច្បាប់មិនត្រូវបានផ្លាស់ប្តូរទេនោះ តើស្ថានភាព នឹងទៅជាយ៉ាងណា ក្នុងរយៈពេល ១០ឆ្នាំ ទៀត៕
ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត