កម្ពុជា ថ្កោលទោសចំពោះការបង្ករឿងរបស់កងទ័ពថៃ និងទាមទារឱ្យគោរពអធិបតេយ្យភាព បូរណភាពកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជា ប្រកាសថ្កោលទោសចំពោះការបង្ករឿងរបស់កងទ័ពថៃ ហើយទាមទារឱ្យថៃ គោរពអធិបតេយ្យភាព និងបូរណភាពកម្ពុជា ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ ហើយចៀសវាងធ្វើឱ្យមានភាពតានតឹងបន្ថែមទៀត ។

ការចេញមកថ្កោលទោសចំពោះភាគីថៃ របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីភាគីថៃ បានប្រឹងប្រែងប្រឌិត និងផ្សាយផ្សាយព័ត៌មានក្លែងក្លាយ លើគ្រប់រូបភាព ដើម្បីវាយប្រហារមកលើប្រទេសកម្ពុជា ដោយគ្មានភស្តុតាងពិតប្រាកដណាមួយ។ ផ្ទុយទៅវិញទេ ថៃនាវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ បានបញ្ជូនកងទ័ពដោយមានអាវុធគ្រប់ដៃ និងគ្រឿងចក្រមួយចំនួន ចូលតំបន់អានសេះ ដែលជាអធិបតេយ្យកម្ពុជា ដោយបានរាយបន្លាលួសផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការបន្តបង្ករឿងដោយកងទ័ពរបស់ថៃ ហើយទាមទារឱ្យភាគីថៃ សូមឱ្យគោរពដ៏ពេញលេញនូវអធិបតេយ្យភាព និងបូរណភាពកម្ពុជា ស្របទៅតាមការកំណត់របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ហើយនឹងបណ្តាគោលការណ៍ជាមូលដ្ឋានរបស់ច្បាប់អន្តរជាតិ សូមឱ្យបញ្ឈប់ជាបន្ទាន់នូវការបង្ករឿងផ្នែកយោធា​ និងសកម្មភាពជាឯកតោភាគី ដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់ប្រជាជនស៉ីវិល ដែលធ្វើឱ្យភាពតាន់តឹងមានការកើតឡើងថែមទៀត ។

អ្នកនាំពាក្យរូបនេះ ក៏បានផ្ញើសារទៅភាគីថៃ ត្រូវធ្វើការព្យាយាមឱ្យមានភាពស៉ីគ្នារវាង ការប្រកាសជាសាធារណៈ នៃការតាំងចិត្តរបស់ខ្លួនចំពោះសន្តិភាព ជាមួយនឹងសកម្មភាពជាក់ស្តែង តាមរយៈការអនុវត្តដោយសុច្ចចិត្តនូវកិច្ចព្រមព្រៀង បទឈប់បាញ់គ្នា រវាងកងទ័ពទាំងពីរ ។

អ្នកនាំពាក្យដដែល ក៏បានរម្លឹកទៅភាគីថៃ ត្រូវបញ្ចៀសឱ្យខាងតែបានការបង្កឱ្យមានភាពតាន់តឹង រវាងកងទ័ពទាំងពីរ បន្ថែមទៀត ជាពិសេសពាក់ព័ន្ធនឹងការផ្សាយព័ត៌មានក្លែងក្លាយ ដែលបានគំរាមកំហែងទៅដល់សន្តិសុខដ៏ផុយស្រួយ និងស្ថិរភាពនៅតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ។

ឯកឧត្តម ជុំ សុន្ទរី បានគូសបញ្ជាក់ថា កម្ពុជា បានប្រកាសអះអាងជាថ្មីទៀតនូវការតាំងចិត្ត ដោយឥតងាករេរបស់ក្នុងខ្លួន ក្នុងការដោះស្រាយរាល់បញ្ហាទាំងអស់ តាមរយៈមធ្យោបាយ ដោយសន្តិវិធី សមស្របទៅតាមច្បាប់អន្តរជាតិ និងអនុស្សារណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ព្រមទាំងកិច្ចព្រមព្រៀងបទឈប់បាញ់គ្នារវាងកងទ័ពទាំងពីរ ដែលសម្រេចបាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ថ្មីៗនេះ នៅប្រទេសម៉ាឡេស៊ី ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner