ភ្លើងឆេះកប៉ាល់ដឹកកាំជ្រួចនៅជប៉ុន មនុស្ស ៥នាក់លោតចូលទឹកសមុទ្រ រួចពីសេចក្តីស្លាប់

តូក្យូ ៖ មនុស្ស ៥នាក់បានសម្រេចចិត្តលោតចូលទឹកសមុទ្រភ្លាមៗ ដើម្បីរំដោះជីវិតពីសេចក្តីស្លាប់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះនៅលើកប៉ាល់ដឹកកាំជ្រួចបាញ់សាទរពិធីបុណ្យមួយក្នុងទីក្រុងយ៉ូកូហាម៉ា ស្ថិតនៅក្បែរទីក្រុងតូក្យូ កាលពីយប់ថ្ងៃទី៤ ខែសីហា។

ឆ្មាំឆ្នេរសមុទ្រជប៉ុននិយាយថា កប៉ាល់មួយគ្រឿង ក្នុងចំណោមកប៉ាល់ពីរគ្រឿងដែលប្រើដឹកកាំជ្រួចបាញ់សាទរការតាំងពិពណ៌ពិធីបុណ្យរដូវក្តៅ ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយកម្មករនៅលើនោះចំនួន ៥នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា បន្ទាប់ពីពួកគេលោតចូលទៅក្នុងទឹកសមុទ្រ។

ប៉ុន្តែមានម្នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសាររងរបួសស្រាល។ ភ្លាមៗភ្លើងក៏បានឆាបឆេះរាលដាលដល់កប៉ាល់មួយគ្រឿងទៀតដែរ ប៉ុន្តែគ្មាននរណាម្នាក់បាត់បង់ជីវិតឡើយ។

បើតាមសេចក្តីរាយការណ៍របស់ប៉ូលីសជប៉ុន, អ្នករៀបចំព្រឹត្តិការណ៍បានរាយការណ៍ពីដំណើរការខុសប្រក្រតីនៅក្នុងប្រព័ន្ធបាញ់កាំជ្រួច ដែលវាមិនអាចគ្រប់គ្រងបាន ខណៈគិតមកទល់ពេលនេះ អាជ្ញាធរកំពុងបើកការស៊ើបអង្កេតរកមូលហេតុនៅពីក្រោយគ្រោះថ្នាក់នេះ។

យោងតាមប្រភពព័ត៌មាននៅលើគេហទំព័ររបស់ព្រឹត្តិការណ៍នេះ បានឱ្យដឹងថា កាំជ្រួចប្រហែល ២០.០០០គ្រាប់ ត្រូវបានគេគ្រោងនឹងបាញ់ក្នុងរយៈពេល ២៥ នាទីចាប់ពីម៉ោង ៧និង៣០នាទីយប់ថ្ងៃចន្ទម្សិលមិញ (ម៉ោងក្នុងតំបន់)។ ជាមួយគ្នានេះ គណៈកម្មាធិការរៀបចំកម្មវិធីបុណ្យបានចេញមុខសុំទោសចំពោះឧប្បត្តិហេតុនេះ ហើយសន្យាថា នឹងបើកការស៊ើបអង្កេតឱ្យបានហ្មត់ចត់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner