លោកស្រី ផែថងថាន មិនលាលែងពីតំណែងទេ
បាងកក ៖ លោកស្រី នាយករដ្ឋមន្ត្រីថៃ ផែថងថាន ដែលត្រូវបានព្យួរតំណែង នឹងមិនលាលែងនោះទេ ដោយអះអាងថា នឹងនៅតែបន្តតតាំងក្តី ជាមួយនឹងតុលាការធម្មនុញ្ញ។
ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ បានចេញផ្សាយ កាលពីថ្ងៃទី៤ ខែសីហា ដោយបានដកស្រង់សម្តី មនុស្សជំនិត របស់លោកស្រី ដែលបានចេញមក ប្រកាសច្រានចោល ដំណឹងផ្សាយថា លោកស្រី នឹងចុះចេញ។
លោក Prommin Lertsuridej ប្រធានក្រុមជំនួយការ របស់លោកស្រី ថែមទាំងបានអះអាងថា ខាងលោក ទើបបានដាក់សេចក្តីថ្លែងការណ៍ផ្លូវការ របស់លោកស្រី ទៅកាន់តុលាការធម្មនុញ្ញ ដើម្បីការពារប្រឆាំងនឹងការចោទប្រកាន់ ពីបទរំលោភ លើក្រមសីលធម៌ ទៀតផង។
លោក Prommin លើកឡើងថា «យើងកំពុងដំណើរការ ទៅតាមច្បាប់ និងបញ្ជាក់ពីភាពសុចរិត របស់យើង»។
ការចេញមកបញ្ជាក់នេះ បានធ្វើឡើង ក្រោយពេលដែលមានបាតុកម្ម ជាលើកទី២ ទាមទារឲ្យលោកស្រី ផែថងថាន ចុះចេញពីតំណែងភ្លាមៗ កាលពីចុងសប្តាហ៍។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រុមបាតុករ ដែលបានជួបជុំគ្នា ធ្វើបាតុកម្ម ជាថ្មី បានចោទប្រកាន់លោកស្រី ផែថងថាន និង ក្រុមគ្រួសាររបស់ លោកស្រី ថាបានបង្កជម្លោះ អូសបន្លាយនៅព្រំដែន ដែលធ្លាប់តែ ស្ងប់ស្ងាត់ ជាយូរមកហើយ។
តុលាការធម្មនុញ្ញថៃ ត្រូវបានគេរំពឹងថា នឹងប្រកាសសាលក្រម នៅប៉ុន្មានសប្តាហ៍ ខាងមុខនេះ លើញត្តិដែលស្វែងរកការដក លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ចេញពីតំណែង ដោយហេតុផល ខ្វះសីលធម៌ ជុំវិញការបែកធ្លាយសម្លេងសន្ទនា៕
ប្រភពពី ស៊ីនហួរ , AP ប្រែសម្រួល៖ សារ៉ាត