ប្រធាន ស.ស.យ.ក.៖ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានភាពជឿជាក់លើកងកម្លាំងប្រដាបអាវុធរបស់យើង
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានភាពជឿជាក់លើកងកម្លាំងប្រដាបអាវុធរបស់យើង ។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះរូបភាពចុះសួរសុខទុក្ខវីរកងទ័ព ដែលបានរងរបួសក្នុងការប្រយុទ្ធការពារជាតិ បូរណភាពទឹកដីពីសត្រូវឈ្លានពាន ជាមួយនឹងសំណេរថា ទោះពួកគាត់ បានឆ្លងកាត់ការវាយប្រហារយ៉ាងរន្ធត់ពីពួកឈ្លានពាន ហើយទទួលរងរបួសក្តី ប៉ុន្តែស្មារតីពូៗ និងបងៗកងកម្លាំង នៅតែខ្លាំងក្លា ហើយបងៗ ក៏ចង់វិលត្រឡប់ទៅសមរភូមិមុខវិញជាមួយមិត្តរួមអាវុធ ដើម្បីការពារទឹកដីរបស់យើង ពីពួកឈ្លានពានបន្តដែរ ។

ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តថា ឯកឧត្ដម ពិតជាអរគុណសម្រាប់ទឹកចិត្តរបស់ពូៗ និងបងៗ ទាំងការលះបង់កន្លងមក និង ឆន្ទៈ សម្រាប់មាតុភូមិជាទីស្រឡាញ់នៃយើង។ សូមអរគុណសម្តេចធិបតី រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ គ្រប់ទិសទីដែលកំពុងបំពេញការងារដោយមិននឿយហត់ក្នុងការទំនុកបម្រុង ការមើលថែ និងព្យាបាលកងកម្លាំងរបស់យើង ។

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានភាពជឿជាក់ លើកងកម្លាំងប្រដាបអាវុធរបស់យើង ។

សូមរំលឹកថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានកើតមានក្រោយថៃ បានឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជា កាលពីព្រឹកថ្ងៃទី២៤-២៨ខែកក្កដា ។ ក្នុងប្រតិបត្តិការឈ្លានពានទឹកដីក្នុងរយៈពេល៥ថ្ងៃមកនេះ យោធាថៃ បានសព្វាវុធធុនធ្ងន់ និងសាហាវមកលើកម្ពុជា ក្នុងនោះ កងទ័ពថៃ បានប្រើយន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនពិឃាត គ្រាប់បែក MK-84 MK-82…ជាដើម ដែលបង្កឱ្យមានជនស៊ីវិលស្លូតត្រង់ស្លាប់-របួសជាច្រើននាក់ ។ ការវាយប្រហារយ៉ាងកម្រោលរបស់យោធានេះបានបង្ខំឱ្យប្រជាពលរាប់សិបម៉ឺននាក់ចាកចេញពីភូមិឋានរបស់ខ្លួន ។

គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ជនភៀសសឹកនៅកម្ពុជាមាន ១៧២ ០៩៤នាក់ ។ នេះបើតាមរបាយការណ៍ពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ។
ដ្បិតបច្ចុប្បន្នមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលមានភាគីប្រទេសម៉ាឡេស៊ី ប្រធានអាស៊ាន សហរដ្ឋអាម៉េរិក និងចិន ធ្វើសាក្សីក្តី ក៏ប៉ុន្តែកម្ពុជា គឺនៅរងការឈ្លានពាន និងការគំរាមកំហែងពីសំណាក់យោធាថៃ។ ពោល នៅម៉ោង ១១ ព្រឹកថ្ងៃទី៤ ខែសីហា ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ។ លើសពីនេះ កងទ័ពងថៃ បានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់កម្ពុជាយ៉ាងណាក៏ដោយ ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ ។
អ្នកនាំពាក្យដដែលបានបន្ថែមថា៖ បច្ចុប្បន្ននៃស្ថានភាពនៅទិសអានសេះ ដែលកងទ័ពថៃ បានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា ដោយនៅវេលាម៉ោង ៩:០៩ នាទីព្រឹក ថ្ងៃទី៥ សីហា ឆ្នាំ២០២៥ គ្រឿងចក្រថៃ បានបន្ដកាយដី ហើយនៅម៉ោង ៩:៥០នាទី ថ្ងៃទី៥ សីហា មានរថយន្ដថៃ ១គ្រឿង ដឹកលេណដ្ឋានបេតុង ក្នុងនោះ កង់ឡាន និងលូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន ហើយនៅវេលាម៉ោង ៩:៥៣ នាទីថ្ងៃទី៥ សីហា កម្លាំងកងទ័ពថៃ បានបន្ដជីកលេណដ្ឋាន ។ នៅវេលាម៉ោង ១០:៥៥នាទី ថ្ងៃទី៥ សីហា គ្រឿងចក្រថៃ ១គ្រឿងទៀត បានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលីសចម្ងាយពីទីតាំងកងទ័ពកម្ពុជាប្រហែល ១៥ ម៉ែត្រ និងបន្ដដាក់លូ និងកង់ឡាន ចូលលេណដ្ឋាន ។
អ្នកនាំពាក្យក្រសួងការពារជាតិ ចាត់ទុកថា នេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃ ដែលរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា។ ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែសីហា កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃ ដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា ។ រហូតមកដល់ពេលនេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា ៕
ដោយ ៖ វណ្ណលុក
