សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ ធ្វើការបួងសួងប្រសិទ្ធពរជ័យ សុំសេចក្ដីសុខចម្រើន និងជ័យជំនះ ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពកម្ពុជា
(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃអង្គារទី៥ ខែ សីហា ឆ្នាំ២០២៥ នៅវត្តព្រះធាតុបាស្រី ក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងៀ ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ សមាជិក សមាជិកា សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន យុវជន ស ស យ ក យុវជនមូលដ្ឋាន រដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃនិងប្រជាពលរដ្ឋ បានប្រារព្ធពិធីអុជធូប ថ្វាយគ្រឿងសក្ការៈដល់ព្រះអង្គខ្មៅ បារមីហ្លួងព្រះស្តេចកន បារមីអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ គ្រប់ជំនាន់ បារមីថែរក្សាប្រាសាទវត្តព្រះធាតុបាស្រី បារមីមេទ័ពខ្មែរគ្រប់ជំនាន់ ព្រះវេស្សវន្ត ព្រះវេរោ និងម្ចាស់ទឹកម្ចាស់ដី ព្រៃភ្នំមានរឹទ្ធីបារមី សុំប្រទានពរជ័យសេចក្ដីសុខ ចម្រើន និងជ័យជំនះគ្រប់ភារកិច្ច និងលើសមរភូមិប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី ជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមជាមួយបុត្រាបុត្រី ចៅប្រុស ចៅស្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារ និងជូនកងទ័ពកម្ពុជា ដែលកំពុងឈរជើងយ៉ាងរឹងមាំការពារជាតិ មាតុភូមិកម្ពុជានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

ក្នុងពិធីបួងសួង សុំសេចក្ដីសុខនិងជ័យជំនះ ជូនថ្នាក់ដឹកនាំ និងជូនវីរកងទ័ពខ្មែរ ក៏បានប្រារព្ធ ពិធីគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលី ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការពលីជីវិតរបស់កងទ័ព នៅសមិរភូមិជួរមុខ ក្នុងពេលមានសង្រ្គាម គឺជាការលះបង់នូវគុណូបការៈ មិនអាចកាត់ថ្លៃបាន ក្នុងបុព្វហេតុការពារទឹកដី ការពារជាតិ មាតុភូមិ ពីសំណាក់សត្រូវ និងមិនឱ្យសត្រូវឈ្លានពានបានឡើយ។

ឯកឧត្តមរដ្ឋមន្រ្តី បានបួងសួង ដល់វត្ថុសក្ដិសិទ្ធតាមជួយថែរក្សាការពារ វីរកងទ័ពខ្មែរឱ្យទទួលបានជោគជ័យ មានសុខភាពល្អ ចៀសឆ្ងាយពីជំងឺដង្កាត់ទាំងពួង ទទួលបានសុខសុវត្ថិភាព និងជោគជ័យក្នុងសមរភូមិ ជានិច្ចនិរន្តរ៍ និងសូមគោរពវិញ្ញាណក្ខនរបស់កងទ័ពកម្ពុជាយើង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជនទូទាំងប្រទេស នឹងចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាជារៀងរហូត ៕
ដោយ ៖ ង៉ាន់ ទិត្យ

