ករណីឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅវៀតណាមកាន់តែអាក្រក់ ស្ទុះឡើងជាង ៣ ដង

ប្រទេសវៀតណាមកំពុងប្រឈមមុខនូវការកើនឡើងករណីឆ្លងរាតត្បាតជំងឺប៉េស្តជ្រូកអាហ្រ្វិក ហៅកាត់ថា (ASF) ជាមួយនឹងតួលេខហក់ឡើងដល់ជាង៣ដងក្នុងពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times នៅថ្ងៃទី៥ ខែសីហា។

កាសែត Tien Phong បានរាយការណ៍ថា ប្រទេសវៀតណាមបានរកឃើញឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិករហូតដល់ ៩៧២ករណី បើគិតមកទល់ពេលនេះ ខណៈករណីឆ្លងរាតត្បាតកាលពីពាក់កណ្តាលខែកក្កដា មានចំនួនត្រឹមតែ ៥១៤ករណីប៉ុណ្ណោះ។

កាសែតវៀតណាមនេះ បានឱ្យដឹងទៀតថា ចំនួនជ្រូកឆ្លងជំងឺនេះបានស្ទុះឡើងពី ៣០.០០០ក្បាលទៅដល់ ១០០.០០០ក្បាល នេះបើតាមសម្រង់ទិន្នន័យពីក្រសួងកសិកម្មវៀតណាម។ ភាគច្រើនជ្រូកដែលឆ្លងជំងឺនេះបានងាប់ ឬត្រូវបានគេសម្លាប់ចោលតែម្តង។

ជំងឺប៉េស្តជ្រូកអាហ្រ្វិកបានបង្កព្យុះភ្លៀងដល់ទីផ្សារសាច់ជ្រូកពិភពលោកជាច្រើនឆ្នាំមកហើយ។ ហើយការឆ្លងរាតត្បាតអាក្រក់បំផុត គឺក្នុងអំឡុងឆ្នាំ២០១៨-២០១៩ ដោយចំនួនជ្រូកក្នុងស្រុកសរុបប្រហែលពាក់កណ្តាលបានងាប់នៅទូទាំងប្រទេសចិន ដែលជាអ្នកចិញ្ចឹមជ្រូកធំបំផុតរបស់ពិភពលោក បណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចជាង ១០០ពាន់លានដុល្លារ។

ចំណែកការផ្ទុះឡើងនៅក្នុងប្រទេសវៀតណាមកាលពីខែមុន បានជំរុញឱ្យលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចេញការណែនាំជាបន្ទាន់ទៅកាន់បណ្តាខេត្ត និងភ្នាក់ងាររដ្ឋាភិបាលឱ្យចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលកំពុងគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារក្នុងស្រុក។

យ៉ាងណា ទោះបីវៀតណាមជាប្រទេសដំបូងគេ ដែលត្រូវបានគេរាយការណ៍ថា បានបង្កើតវ៉ាក់សាំងបង្ការជំងឺប៉េស្តជ្រូកអាហ្រ្វិកប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មចាប់តាំងពីឆ្នាំ២០២៣ក៏ដោយ ក៏មន្ត្រីវៀតណាមបាននិយាយថា អត្រានៃការចាក់វ៉ាក់សាំងមានកម្រិតទាប ដោយសារតែការព្រួយបារម្ភអំពីការចំណាយ និងប្រសិទ្ធភាពនៃវ៉ាក់សាំង៕

ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner