អភិបាលខេត្តកំពតអញ្ជើញសំណេះសំណាលនិងនាំយកអំណោយទៅជូនគ្រួសារវីរកងទ័ពជួរមុខនៅស្រុងដងទង់ និងក្រុងកំពត
កំពត៖បង្ហាញនូវការគោរពដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពជួរមុខ អភិបាលខេត្តកំពតបាននាំយកអំណោយដែលជាការចូលរួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទៅផ្តល់ជូនដល់គ្រួសារវីរកងទ័ពជាមួយនឹងការបញ្ជាក់ថាអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតែបន្តជួយគាំទ្រពីក្រោយជានិច្ចដល់វីរកងទ័ពជួរមុខ ក៏ដូចជាគ្រួសារវីរកងទ័ព នៅខាងក្រោយដែរ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តរួមជាមួយថ្នាក់ដឹកនាំ មន្រ្តី
រាជការចំណុះរដ្ឋបាលខេត្តកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បាននាំយកអំណោយសប្បុរសធម៌ ដែលបានមកពីការចូលរួមឧបត្ថម្ភពីសប្បុរសជនតាមបណ្តាក្រុង-ស្រុក យកទៅប្រគល់ជូនដល់គ្រួសារវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ ដែលមានទីលំនៅក្នុងស្រុកដងទង់ និងក្រុងកំពត។ ក្នុងនោះស្រុកដងទង់ចំនួន ៣៤គ្រួសារ និងក្រុងកំពតចំនួន ១៣គ្រួសារ។

នាឱកាសនោះឯកឧត្តមអភិបាលខេត្តកំពត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ក៏ដូចជូនពរជ័យដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះវីរកងទ័ពនិងក្រុមគ្រួសារ មិនថាប្រទេសមិនមានសង្គ្រាម ឬជួបប្រទះនូវសង្គ្រាមឈ្លានពាននោះទេ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ចំពោះក្រុមគ្រួសារនៅទីនេះមានថ្នាក់ដឹកនាំប្រទេស រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ក្នុងការជួយជ្រោមជ្រែង ថែរក្សា ក៏ដូចជាផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ក្នុងន័យដើម្បីតបស្នងសងគុណចំពោះការលះបង់ដ៏មានតម្លៃបំផុតសម្រាប់ជាតិ និងប្រជាជនពីសំណាក់វីរកងទ័ព៕
ដោយ៖ សិលា សារិន

