ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ណែនាំនិស្សិតជ័យលាភីអាហារូបករណ៍ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ មកអភិវឌ្ឍន៍សង្គមជាតិ ដើម្បីអនាគតប្រទេសជាតិកាន់តែរឹងមាំ

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេសទាំងអស់នាពេលនេះ ត្រូវរៀនស្គាល់ប្រទេសជាតិរបស់ខ្លួនឱ្យបានច្បាស់ ស្គាល់ពីសក្តានុពលនៃទីតាំងភូមិសាស្ត្រនីមួយៗ និងខិតខំប្រឹងប្រែងរៀនសូត្រសិក្សាស្រាវជ្រាវបង្កើនសមត្ថភាពរបស់ខ្លួន ឱ្យបានខ្លាំងក្លា ក្រេបយកចំណេះដឹងពីការសិក្សានៅក្រៅប្រទេស វិលមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យបានរីកចម្រើនខ្លាំងក្លាថែមទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងបែបនេះក្នុងពេលទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ ដែលទៅសិក្សានៅក្រៅប្រទេសចំនួន ១៤៤រូប សម្រាប់ឆ្នាំសិក្សា២០២៥ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញពីការចូលរួមត្រេកអរជាមួយនិស្សិតជ័យលាភីទាំង ១៤៤រូប ដែលបានទទួលអាហារូបករណ៍ទៅសិក្សាតាមបណ្ដាប្រទេសជាច្រើននាពេលនេះ ដែលនេះគឺជាជោគជ័យមួយដ៏ធំធេងក្នុងជីវិតសម្រាប់និស្សិតជ័យលាភីទាំងអស់ ហើយក៏ជាឱកាសដ៏ធំក្នុងការស្គាល់ខ្លួនឯងឱ្យបានច្បាស់ផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យល់ឃើញថា ការស្គាល់ខ្លួនឯងបានកាន់តែច្បាស់ គឺធ្វើឱ្យទំនាក់ទំនងជាមួយគ្រួសារ មិត្តភក្កិ និងទំនាក់ទំនងក្នុងសង្គម កាន់តែមានភាពទូលំទូលាយ និងងាយស្រួលជាងមុន។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងអំពីការប៉ះទង្គិចគ្នាដែលបង្កឡើងដោយកងទ័ពថៃឈ្លានពានទឹកដីកម្ពុជាដោយមិនគោរពច្បាប់អន្តរជាតិ ហើយនេះគឺជាសោកនាដកម្មមួយសម្រាប់កម្ពុជា ប៉ុន្តែយើងទាំងអស់គ្នាត្រូវក្រោកឈររឹងប៉ឹងឡើង ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ហើយត្រូវរៀនរស់ដោយខ្លួនឯងប្រកបដោយភាពឯករាជ្យម្ចាស់ការ ។

ទោះបីស្ថិតក្នុងស្ថានភាពយ៉ាងណាក្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីយល់ឃើញថា នេះជាពេលវេលាដ៏ល្អសម្រាប់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានរឹងមាំ រួមសាមគ្គីគ្នាគាំទ្រនិងបង្កើនការផលិតក្នុងស្រុក បង្កើនការធ្វើកសិកម្មប្រកបដោយភាពសំបូរបែប ហើយឆ្លើយតបទៅនឹងគុណតម្លៃនៃផលិតផល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

ដោយឡែកសម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឯកឧត្តមក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង ត្រូវចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯង ពីការរៀបចំដែនដី ការគូរប្លង់ស្អាត មកជាការរៀបចំទីក្រុង ទីប្រជុំជនដែលមានជីវិតរស់រវើកដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា និស្សិតជ័យលាភីដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥ នេះ រួមមាន : អាហារូបករណ៍ប្រទេសរូស្ស៊ី ចំនួន ១២រូប, អាហារូបករណ៍រដ្ឋាភិបាលហុងគ្រីចំនួន ១៦រូប, អាហារូបករណ៍រដ្ឋាភិបាលចិន ១៨រូប,អាហារូបករណ៍JDS+MEXT ចំនួន ២៧រូប, អាហារូបករណ៍រដ្ឋាភិបាលឆេក ចំនួន ១៣រូប, អាហារូបករណ៍រដ្ឋាភិបាលបារាំងចំនួន ១១រូប, អាហារូបករណ៍ប្រទេសអៀរឡង់ចំនួន ៣រូប, និងអាហារូបករណ៍សាធារណរដ្ឋកូរ៉េចំនួន ៤៤រូប ៕

ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner