ក្រសួងការងារ និងវិស័យឯកជនរួមគ្នាលើកកម្ពស់ការផ្លាស់​ប្ដូរការ​សិក្សា​បែប​អន្តរជាតិ និងការបណ្ដុះបណ្ដាលបច្ចេកទេស

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd បានចុះហត្ថលេខាលើ​អនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខណ្ឌនៃកិច្ចសហប្រតិបត្តិ​ការរវាង​ភាគីទាំងពីរ ក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរការសិក្សាបែបអន្តរជាតិ និងការសហ​ការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក CHEN Jiquan នាយកក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នៅទីស្តីការក្រសួង នារសៀលថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ ផ្ដោតសំខាន់​លើការលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដោយ​កំណត់​តាមស្ដង់ដាចិន និងអាល្លឺម៉ង់ ព្រមទាំងជំរុញទេពកោសល្យខាងផ្នែកបច្ចេកទេស និងគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញក្តីសង្ឃឹមថា តាមរយៈបទពិសោធរបស់ក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នឹងជួយឱ្យសិស្សកម្ពុជា​ទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានស្ដង់ដា និងមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់ នៃការបណ្ដុះ​បណ្ដាល​បច្ចេកទេសនិងវិជ្ជាជីវៈ ដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បី​ឱ្យពលរដ្ឋកម្ពុជាមានជំនាញពិតប្រាកដ និងស្របទៅតាមការវិវត្តនៃបច្ចេក​វិទ្យានា​ពេលបច្ចុប្បន្ន ដែលជាគន្លឹះយ៉ាងសំខាន់ ក្នុងការបង្កើតផលិតភាពនៃកម្លាំងពលកម្ម​កម្ពុជាក្នុងទីផ្សារ និងប្រែក្លាយកម្ពុជាជាគោលដៅដ៏ទាក់ទាញនៃការវិនិយោគបន្ថែម​ទៀតពីសំណាក់វិនិយោគិនបរទេស។

ជាការឆ្លើយតប លោក CHEN Jiquan នាយកក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd បានគាំទ្រចំពោះឆន្ទៈ នៃការធ្វើទំនើបកម្មរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបង្កើនផលិតភាពការងារ​ជូន​ប្រជា​ពលរដ្ឋកម្ពុជាឱ្យស្របទៅនឹងតម្រូវការទីផ្សារ ដែលផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា​ទំនើបចុងក្រោយដែលជាគន្លឹះក្នុងការទាក់ទាញវិនិយោគិន ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner