អភិបាលខេត្តសៀមរាបថ្លែងអំណរគុណដល់បណ្ដាសប្បុរសជនដែលបានជួយឧបត្ថម្ភ​ជនភៀសសឹក

សៀមរាប៖ក្នុងឱកាសទទួលអំណោយជាថវិកាចំនួនមួយម៉ឺនដុល្លារពីឧកញ៉ា គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ និងសប្បុរសជននានាក្នុងសប្ដាហ៍នេះឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះ​ទឹកចិត្តដ៏ស្មោះសរបស់សប្បុរសជនទាំងអស់ ដែលមានស្មារតីស្រឡាញ់ជាតិ ដោយបានចូលរួមឧបត្ថម្ភគ្រឿង​ឧបភោគ​បរិភោគ និងថវិកាដើម្បីគាំទ្រដល់សមរភូមិជួរមុខ ,គ្រួសារទ័ពនិងបងប្អូនជាជនភៀសសឹកដែលកំពុង​ស្នាក់នៅក្នុង​ខេត្តសៀមរាប។

គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ១២ ១៤១គ្រួសារ ស្មើនឹង ៣៩ ៤៨៦នាក់ បានជម្លៀសមកស្នាក់នៅតាមបណ្ដាទីតាំងសុវត្ថិភាពនានា និងបណ្ដាលំនៅឋានរបស់​បងប្អូន​ប្រជា​ពលរដ្ឋទូទាំងខេត្តសៀមរាប ក្រោមការងារយកចិត្តទុកដាក់ពីអាជ្ញាធរទូទាំងខេត្ត។

ក្នុងឱកាសដដែលនេះឯកឧត្តម ប្រាក់ សោភ័ណ ក៏បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​លោកស្រី ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តាក្រុងស្រុក សូមបន្តចូលរួមបន្តឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់បន្ថែមទៀត នៅតាមបណ្ដាក្រុង​ស្រុករបស់ខ្លួនផ្ទាល់ ឬតាមរយៈរដ្ឋបាលខេត្តសៀមរាប៕
ដោយ៖ប៊ុន រដ្ឋា

ads banner