ជនភៀសសឹកចំនួន ២៩៨គ្រួសារ នៅក្នុងខេត្តឧត្តរមានជ័យ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
(ឧត្តរមានជ័យ)៖ បន្ទាប់ពីបានទទួលព្រះរាជទានព្រះរាជទ្រព្យរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ ចុះសួរសុខទុក្ខ និងនាំយកនូវព្រះរាជអំណោយចែកជូនជនភៀសសឹកចំនួន ២៩៨គ្រួសារ មកពីស្រុកបន្ទាយអំពិល និងក្រុងសំរោង ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ។
ឯកឧត្តមអគ្គលេខាធិការរងទី២ បាននាំនូវព្រះរាជសវនីយ៍សាកសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរ ពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទ្រង់ តែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង ថ្វីបើព្រះអង្គទ្រង់មិនបានយាងមកជួបដោយផ្ទាល់ក៏ដោយតែទឹកព្រះទ័យយកចិត្តទុកដាក់បារម្ភពីបងប្អូនកូនចៅនៅតែមានជាក់ស្តែងដូចជាការផ្តល់ព្រះរាជអំណោយជូនដល់បងប្អូនភៀសសឹកនៅពេលនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តម បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូចៅអធិការវត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលអនុញ្ញាត និងសម្របសម្រួលទីស្នាក់នៅបណ្តោះអាសន្នដល់ប្រជាពលរដ្ឋភៀសសឹកនៅទីនេះ ។
សូមបញ្ជាក់ថា គ្រួសារភៀសសឹកនីមួយៗទទួលបានព្រះរាជអំណោយរួមមាន៖ មុង១ ភួយ១ សាប៊ូ ៤មុខ មាន(សាប៊ូដុំ សាប៊ូកក់សក់ សាប៊ូលាងដៃ និងសាប៊ូលាងចាន) ត្រសក់ចាវ១គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល ៕







ដោយ / គ្រី សម្បត្តិ