កម្ពុជា- ម៉ាឡេសុី រក្សាកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ អភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ស្យាហារ៉ូឌីន អ៊ន (HE Mr. Shaharuddin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីជំហរដ៏រឹងមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល បន្ថែមទៀត រួមមានការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ ការសហការស្រាវជ្រាវពីជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និងសុខភាពទេសចរ។

ឯកឧត្តម ស្យាហារ៉ូឌីន អ៊ន បានបញ្ជាក់ជំហរបែបនេះ នាព្រឹកថ្ងៃពុធទី៦ ខែសីហា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ីជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅទីស្តីការក្រសួង។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បាន
ថ្លែងអំណរគុណដល់រដ្ឋាភិបាល ម៉ាឡេស៊ី លើកិច្ចសហការគាំទ្រវិស័យសុខាភិបាល ចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា និងបានរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធសុខាភិបាល នៅកម្ពុជានាពេលកន្លងមក។

កម្ពុជា-ម៉ាឡេស៊ី តាមរយៈជំនួប បានបញ្ជាក់ជាថ្មីម្តងទៀតពីការបេជ្ញារួមគ្នាស្វាគមន៍កិច្ចសហប្រតិបត្តិការជាដៃគូល្អ មិត្តល្អ ពង្រឹង និងពង្រីក ភាពជិតស្និទ្ធរវាងសុខាភិបាលនៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទិ១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា ៕
ដោយ ៖ ហេង សម្បត្តិ + ថេត វិចិត្រ


